បាល់ទាត់៖ ខ្សែបម្រើដាណឺម៉ាក Christian Eriksen នៅពេលនេះស្ថិតក្នុងស្ថានភាពល្អប្រសើរច្រើនហើយ បន្ទាប់ពីដួលសន្លប់អំឡុងការប្រកួតទល់នឹងហ្វាំងឡង់ កាលពីថ្ងៃសៅរ៍នៅ Euro ២០២០។

វេជ្ជបណ្ឌិតរបស់ក្រុមដាណឺម៉ាក លោក Morten Boesen បាននិយាយថា Eriksen ដែលបានដួលសន្លប់មុនចប់វគ្គទី១ ជំនួបរវាងដាណឺម៉ាក និងហ្វាំងឡង់នោះគឺដោយសារគាំងបេះដូង។ ថ្វីបើអាការៈរបស់កីឡាករ Inter Milan រូបនេះល្អប្រសើរក៏ដោយ Eriksen ត្រូវសម្រាកនៅមន្ទីរពេទ្យបន្តទៀតដើម្បីតានដាន។ Eriksen ក៏បានដឹងខ្លួនវិញដែរ និងបានផ្ញើសារទៅកាន់មិត្តរួមក្រុមរបស់ខ្លួន និងអរគុណអ្នករាល់គ្នាចំពោះការបារម្ភ និងក្តីស្រលាញ់។ ហេតុការណ៍របស់ Eriksen បានធ្វើឲ្យពិភពបាល់ទាត់ទូទាំងពិភពលោកមានការតក់ស្លុត និងបួកសួងឲ្យ Eriksen រួចផុតពីគ្រោះថ្នាក់។
កីឡាករដែលបានស៊ុតបញ្ចូលទីនៅ Euro ២០២០ ចុងសប្ដាហ៍កន្លងទៅមួយចំនួនមិនបានអបអរគ្រាប់បាល់របស់ខ្លួនឡើយ និងយកការអបអរនោះទៅជាការឧទ្ទិស និងលើកទឹកចិត្តដល់ Eriksen ដូចជាអ្នកស៊ុតបញ្ចូលទីឲ្យហ្វាំងឡង់ Pohjanpalo, Romelu Lukaku របស់ប៊ែលហ្ស៊ិក និងគ្រាប់របស់ Lainer ស៊ុតនាំមុខឲ្យអូទ្រីសលើម៉ាសេដ្វាន់ខាងជើងយប់មិញជាដើម៕
អត្ថបទ៖នាង សុភាវុធ