ថ្មីៗនេះអ្នកភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពតម្នាក់ បានឆ្លងជំងឺផ្តាសាយបក្សី ហើយដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល មន្ត្រីជំនាញបានប្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ សូមកុំលក់ដូរ ឬទទួលទានសាច់បក្សី ឬមាន់ទាងាប់ ខណៈដែលសត្វមាន់ទាសង្ស័យមានជំងឺជិតចំនួន១០០ក្បាលត្រូវបានសម្លាប់ រួចជីកកប់ចោល ។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពត លោក ម៉េង សន្តិភាព បានប្រាប់ឱ្យដឹងថា ក្រោយទទួលព័ត៌មានពីមន្ត្រីមូលដ្ឋានស្តីពីហេតុការណ៍មាន់ទាឈឺងាប់ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នូវករណីពលរដ្ឋរស់នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ឆ្លងមេរោគផ្តាសាយបក្សីមក នាពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា លោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះដល់គោលដៅភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានបានអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។ លោកប្រធានការិយាល័យបានបន្តថា ក្រុមជំនាញក៏បានសម្លាប់សត្វមាន់ទាមានជំងឺចំនួន៩១ក្បាល រួចជីកកប់យ៉ាងប្រយ័ត្នបំផុត។
ម្តាយមីងស្ត្រីឆ្លងជំងឺផ្តាសាយបក្សី អ្នកស្រី បោ មាន់ បានប្រាប់ឱ្យដឹងថា ប្រហែល១សប្តាហ៍មុន ក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ មានសត្វមាន់ទាចាប់ផ្តើមឈឺ និងងាប់ជាបន្តបន្ទាប់ស្ទើរអស់ពីទ្រុង។ ជាមួយគ្នានោះ ក្មួយរបស់អ្នកស្រីបានយកមាន់ងាប់ទៅធ្វើម្ហូប រួចមានអាការៈមិនស្រួលខ្លួន ក៏បានទៅទិញថ្នាំលេប។ ដោយសារស្ថានភាពមិនបានធូរស្បើយ គាត់ក៏ណែនាំឱ្យទៅជួបគ្រូពេទ្យស្រុកឈូកពិនិត្យ ហើយត្រូវបានបញ្ជូនបន្តទៅភ្នំពេញតែម្តង ហើយលទ្ធផលតេស្តបង្ហាញថា នាងមានជំងឺផ្តាសាយបក្សី។
លោក ហេង ចាន់ថា ប្រធានការរិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត បានប្រាប់ឲ្យដឹងថា ក្រុមការងារក្រសួង មន្ទីរ ជំនាញពាក់ព័ន្ធ បានចុះធ្វើការស្រាវជ្រាវយកសំណាក និងដាមដានស្ថានភាពអ្នកដែលប៉ះពាលផ្ទាល់ជាមួយអ្នកជំងឺ(សមាជិកក្នុងគ្រួសារ៣នាក់ ) ប៉ុន្តែមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់ទេ ហើយក្រុមកាងារ នឹងបន្តតាមដានការវិវត្តផ្សេងៗនៅថ្ងៃស្អែកទៀត៕ អត្ថបទៈ អន សារឹម