អង់គ្លេស៖ កាលពីថ្ងៃអាទិត្យបណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 បានស្តីបន្ទោសប្រទេសចិន អំពីសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តស៊ីនជាំង ដោយបានអំពាវនាវឱ្យហុងកុងរក្សាស្វ័យភាពខ្ពស់ និងទាមទារឱ្យមានការស៊ើបអង្កេតពេញលេញ និងហ្មត់ចត់អំពីប្រភពដើមនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន។

បន្ទាប់ពីបានពិភាក្សាអំពីវិធីដើម្បីបង្កើតជំហររួមទល់នឹងប្រទេសចិន មេដឹកនាំបានចេញសេចក្ដីថ្លែងការណ៍ចុងក្រោយដ៏សំខាន់មួយ ដែលបានឯកភាពគ្នានូវអ្វីដែលមានសម្រាប់ប្រទេសចិន ទាក់ទងនឹងបញ្ហារសើបបំផុតរួមទាំងកោះតៃវ៉ាន់ផងដែរ។ ការកើនឡើងឥទ្ធិពលជាថ្មីរបស់ប្រទេសចិន ក្នុងនាមជាមហាអំណាចពិភពលោកឈានមុខគេ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយសំខាន់បំផុតមួយ នៃព្រឹត្តិការណ៍ថ្មីៗរួមជាមួយការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមត្រជាក់។
ការកើនឡើងរបស់ប្រទេសចិន ក៏បានធ្វើឱ្យសហរដ្ឋអាមេរិកមិនពេញចិត្តដែរ ដោយលោកប្រធានាធិបតី Joe Biden បានចាត់ទុកប្រទេសចិនជាគូប្រជែងខាងយុទ្ធសាស្ត្រដ៏សំខាន់ ហើយបានប្ដេជ្ញាតទល់នឹង “ការរំលោភបំពានសេដ្ឋកិច្ច” របស់ចិន និងជំរុញឱ្យមានការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស៕
អត្ថបទ៖ សុខមាន