ពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះចែកគ្រឿងឧបភោគ–បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ស្ថិតក្នុងឃុំលាចស្រុកភ្នំក្រវាញខេត្ត ពោធិ៍សាត់ ។ គ្រឿងឧបភោគ–បរិភោគ នាថ្ងៃនេះ មានការចូលរួមចំណែកពីសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីសួរសុខទុក្ខ ការអាណិតអាសូរ និងការសោកស្ដាយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទូទាំង ខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ។ លោក បន្តទៀតថា សម្តេច ទាំងទ្វេ មិន ដែលបោះបង់ បងប្អូនជនរួមជាតិណាម្នាក់ឡើយ ។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញចូលរួមចែកអំណោយជាមួយកាកបាទក្រហមកម្ពុជាដឹកនាំ ដោយ ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញផងដែរ៕









