ភ្នំពេញ៖ ក្រុមអាជីករ ក៏ដូចជាភោជនីយ៍ដ្ឋាននានានៅតំបន់មាត់ទន្លេ ក្បែរព្រះបរមរាជវាំង ដាក់ក្តីរំពឹងទុកថា ក្នុងរដូវពិធីបុណ្យអុំទូកនេះ នឹងអាចលក់ដាច់ច្រើនទ្វេរដង ដោយសារការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ គ្រាដែលពិធីបុណ្យជាតិមួយនេះ បានខកខានដំណើរការរយៈពេល ៣ឆ្នាំ។
លោក តូ ចាន់ថែល អ្នកគ្រប់គ្រងទូទៅរបស់ភោជនីយដ្ឋាន Grand River Sports នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្នហាងនេះដំណើរការបានជាង ១០ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រគួរសមពីភ្ញៀវជាតិ និងអន្តរជាតិ។ លោកបានរៀបរាប់ថា ប្រសិនបើមិនមានបញ្ហារាំងស្ទះ ដូចជាការីករាលដោយសារជំងឺកូវីដ១៩ ការរកប្រាក់ចំណូលនឹងអាចល្អប្រសើរច្រើន ដូច្នេះសម្រាប់ពិធីបុណ្យអុំទូកនេះ លោកសង្ឃឹមថា នឹងអាចរកប្រាក់ចំណូលបានច្រើនឡើងវិញដូចបុណ្យអុំទូករៀងរាល់ឆ្នាំ ក្នុងអំឡុងមុនការរាតត្បាតនៃកូវីដ១៩។
កញ្ញា ពន់ ស្រីនាង អាជីវករលក់ភេសជ្ជៈ បានឲ្យដឹងដែរថា ក្នុងឱកាសបុណ្យអុំទូក ដោយសារមិនមានគម្រោងឈប់សម្រាកដើរកម្សាន្ត ឬលំហែរកាយនៅតំបន់ណាមួយនោះទេ ក៏សម្រេចបន្តអាជីវកម្មធម្មតា ជាពិសេសចង់រកប្រាក់ចំណូលឱ្យបានច្រើន ក្នុងកំឡុងពេលបុណ្យទាន ព្រោះលក់ដាច់ច្រើនជាងថ្ងៃធម្មតាគុណជាពីរឯណោះ។
លោក តូ ចាន់ថែល និងកញ្ញា ពន់ ស្រីនាង បានលើកឡើងស្រដៀងគ្នាទៀតថា ពួកគាត់ចង់ឱ្យប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលមកលេងនៅក្រុងភ្នំពេញឱ្យបានច្រើនក្នុងពិធីបុណ្យអុំទូកនេះ ហើយសុំឱ្យចូលរួមថែរក្សាវប្បធម៌របស់ខ្លួន និងគ្រប់គ្រងសំរាមឱ្យបានល្អ ព្រោះទីក្រុងស្អាត ទើបភ្ញៀវចូលមកលេងច្រើន។ ពួកគាត់ ក៏បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរៀបចំពិធីបុណ្យអុំទូកនេះ ដើម្បីបង្ករភាពសប្បាយរីករាយ និងអាចរកប្រាក់ចំណូលបានច្រើនឡើងវិញផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់គ្នា អញ្ញើញចូលរួមឲ្យបានកាន់តែច្រើនកុះករ ខណៈដែលមានការថែរក្សាសុខសណ្តាប់ធ្នាប់ជាប់ជានិច្ចពីសំណាក់កម្លាំងសមត្ថកិច្ចគ្រប់ទីកន្លែង៕ ដោយ ៖ បូរ៉ាវី






