របាយការណ៍របស់ទីភ្នាក់ងារវិទ្យាសាស្រ្តអាកាសធាតុអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ការកាត់បន្ថយប្រេងឥន្ធនៈហ្វូស៊ីល ការដាំដើមឈើ និងការកាត់បន្ថយការទទួលទានសាច់ គឺជាវិធានការត្រូវការនៅក្នុងទសវត្សរ៍នេះ ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីដល់ ១,៥អង្សាសេពីលើសីតុណ្ហភាពមុនឧស្សាហកម្ម ។

បើទោះបីជាការព្រមានពីបម្រែបម្រួលអាកាសធាតុ ចេញដោយគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) ចាប់តាំងពីឆ្នាំ ១៩៩០ក៏ដោយ ការបំភាយឧស្ម័នសកលលោក នៅតែបន្តកើនឡើងនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយឈានដល់ចំណុចខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ។

យោងតាមទិន្នន័យពីសេវាកម្មបម្រែបម្រួលអាកាសធាតុសហភាពអឺរ៉ុបដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា រដូវក្តៅឆ្នាំ ២០២៣ គឺជារដូវក្តៅដែលមានសីតុណ្ហភាពក្តៅខ្លាំងបំផុតជាប់កំណត់ត្រា ។
រយៈពេល ៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា សីតុណ្ហភាពបានឡើងខ្ពស់ជាងកំណត់ត្រាលើកមុន ជាមួយនឹងសីតុណ្ហភាពជាមធ្យម ១៦,៨អង្សាសេ ពោលគឺមានសីតុណ្ហភាព ០,៦៦អង្សាសេពីលើកម្រិតធម្មតា ។
ក្រុមអ្នកជំនាញអាកាសធាតុ បាននិយាយថា គោលដៅរក្សាការឡើងកម្តៅផែនដីរយៈពេលយូរចំនួន ១,៥អង្សាសេ លែងអាចគ្រប់គ្រងបានទៀតហើយ ដោយសារតែប្រទេសនៅលើពិភពលោក ពុំបានកំណត់គោលដៅរបស់ខ្លួន បើទោះបីជាមើលឃើញរលកកម្តៅបំបែកកំណត់ត្រារយៈពេលច្រើនខែនៅលើដី និងនៅក្នុងទឹកសមុទ្រក៏ដោយ ៕