កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋរស់នៅទីក្រុង Ramallah ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង បានអបអរសាទរការដោះលែងជនប៉ាឡេស្ទីនពីពន្ធនាគារអ៊ីស្រាអែល នៅថ្ងៃទី ៣នៃបទឈប់បាញ់រយៈពេល ៤ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងទីក្រុងហ៊្សេរុយឡាឡឹម នគរបាលអ៊ីស្រាអែល បានរឹតត្បិតការអបអរសាទរដោយអនុញ្ញាតឲ្យគ្រួសារទទួលយកអ្នកទោសដែលត្រូវបានដោះលែងនៅក្នុងផ្ទះរបស់ពួកគេ ហើយមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាទ្រង់ទ្រាយធំនោះទេ ។

ពន្ធនាគារអ៊ីស្រាអែល ត្រូវបានត្រួតត្រាដោយរដ្ឋមន្រ្តីសន្តិសុខជាតិនិយមស្តាំលោក Itamar Ben-Gvir ដែលគាំទ្រជាយូរមកហើយលើការចាត់វិធានការបង្ក្រាបអ្នកទោសប៉ាឡេស្ទីន ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Ben-Gvir បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម X អតីតបណ្តាញព័ត៌មានសង្គម Twitterថា លោកបានណែនាំមន្រ្តីសេវាកម្មពន្ធនាគារឲ្យការពារការព្យាយាមណាមួយរបស់ក្រុមភេរវករ ក្នុងការអបអរសាទរនៅក្នុងពន្ធនាគារ ។
ទីភ្នាក់ងារព័ត៌មាន WAFAរបស់ប៉ាឡេស្ទីន បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានដោះលែងជនប៉ាឡេស្ទីន ៣៩នាក់ ក្នុងនោះមានស្រ្តី ៦នាក់ និងយុវជន ៣៣នាក់ ពីពន្ធនាគារ ២កន្លែង ៕