កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថា អ៊ីស្រាអែលនឹងចាប់ផ្តើមប្រតិបត្តិការសឹករបស់ខ្លួនឡើងវិញនៅតំបន់ហ្គាហ្សា នៅពេលដែលបញ្ចប់បទឈប់បាញ់ហើយនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បាននិយាយផងដែរថា លោកនឹងស្វាគមន៍ការបន្តបទឈប់បាញ់ បើសិនជាមានការសម្របសម្រួលការដោះលែងចំណាប់ថ្នូរ ១០នាក់បន្ថែមទៀតជារៀងរាល់ថ្ងៃ ដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀងដំបូងដែលរៀបចំឡើងដោយប្រទេសកាតា ។
លោកនិយាយថា មាននូវផែនការដែលបទឈប់បាញ់អាចនឹងបន្ត ដើម្បីដោះលែងចំណាប់ថ្នូរ១០នាក់បន្ថែមទៀត ជារៀងរាល់ថ្ងៃ ។

លោក Netanyahu និយាយប្រាប់លោក Bidenថា ពេលណាបញ្ចប់បទឈប់បាញ់ ពួកយើងនឹងវិលត្រឡប់ទៅធ្វើសង្រ្គាមវិញដោយពេញកម្លាំង ដើម្បីសម្រេចគោលដៅរបស់ពួកយើង ដើម្បីធ្វើឲ្យសាបសូន្យក្រុមហាម៉ាស់ ដើម្បីធានាថា តំបន់ហ្គាហ្សាលែងវិលត្រឡប់ទៅរកស្ថានភាពចាស់ ហើយជាការពិតណាស់ថា ត្រូវតែមានការដោះលែងចំណាប់ថ្នូរទាំងអស់របស់ពួកយើង ៕