ឆ្មាំល្បាតឆ្នេរក្រិក បាននិយាយថា មនុស្សម្នាក់ស្លាប់ និងមនុស្ស ១២នាក់ផ្សេងទៀត បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោយពេលនាវាដឹកអំបិលជាមួយក្រុមនាវិក ១៤នាក់ បានលិចនៅជិតកោះ Lesbos ។

ក្រុមឆ្មាំល្បាតឆ្នេរ បន្តថា នាវាដឹកទំនិញ Raptor ដោតទង់ជាតិកូម័រ បានចាកចេញពីកំពង់ផែ El Dekheila ប្រទេសអេហ្ស៊ីប និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី ពេលដែលវារាយការណ៍ថាខូចម៉ាស៊ីន ហើយនិងបញ្ជូនសញ្ញាអាសន្នកាលពីព្រឹកថ្ងៃអាទិត្យ ។

មន្រ្តីមួយរូបរបស់ឆ្មាំល្បាតឆ្នេរក្រិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅតំបន់នោះ ហើយមនុស្សម្នាក់ទៀត ត្រូវបានសង្រ្គោះដោយឧទ្ធម្ភាគចក្រ ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅកោះ Lesbos ។
ក្រុមនាវិក ៨នាក់ គឺជាជនជាតិអេហ្ស៊ីប និងក្រុមនាវិកផ្សេងទៀត គឺជាជនជាតិស៊ីរី និងឥណ្ឌា ៕