ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO LTD) ហៅកាត់ GFX បានបញ្ជាក់ថា មកដល់ពេលនេះ មានវិនិយោគិនជិត១ពាន់នាក់ បានចូលរួមជាមួយក្រុមហ៊ុនដើម្បីប្តឹងទៅជនទី៣ នៅក្រៅស្រុក ក្នុងសំណុំរឿងបាត់បង់លុយវិនិយោគ។ ខណៈកំពុងរងចាំចំណាត់ផ្លូវច្បាប់ពីតុលាការ ក្រុមវិនិយោគិនផ្សេងទៀត ដែលបដិសេធមិនចូលរួមប្តឹងជាមួយក្រុមហ៊ុន បានកំពុងរង់ចាំអន្តរាគមន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ជា រដ្ឋសាវុន មេធាវីនៃក្រុមហ៊ុន GFX នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា សម្រាប់យន្តការតាមច្បាប់ដែលបានដាក់ចេញសំរាប់អតិថិជនជួបបញ្ហាគណនីជួញដូរទាំងអស់ដែលត្រូវការប្រឹក្សា យោគយល់ និងចូលរួមជាមួយក្រុមហ៊ុន ក្នុងគោលបំណងផ្ទៀងផ្ទាត់ ឬទាមទារនូវអ្វីដែលជាការខាតបង់របស់អតិថិជន ដែលសរុបតួលេខពីថ្ងៃមុនមានប្រមាណពី ៨០០ ទៅ៩០០នាក់ ឬជិត១ពាន់នាក់។ លោក បានបន្តថា ការងារនេះលោកនឹងធ្វើទៅតាមនីតិវិធីច្បាប់នៅស្រុកសិន ដែលនាំយកពាក្យបណ្ដឹងទាំងនោះប្រគល់ជូនតុលាការក្នុងស្រុក បន្ទាប់ទៀត គឺរងចាំចំណាត់ការ និងនីតិវិធីរបស់តុលាការ។
ដោយឡែក ទាក់ទងនឹងការដាក់ ញត្តិរបស់វិនិយោគិនផ្សេងទៀតទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក បានបញ្ជាក់ថា លោកពុំទាន់ទទួលព័ត៌មាននេះទេពីខាងក្រុមហ៊ុន ដោយសារលោកទទួលកិច្ចការទាក់ទងការប្រឹក្សាជាមួយអតិថិជនដែលមានបំណងចូលរួមជាមួយក្រុមហ៊ុនក្នុងការដាក់ពាក្យបណ្តឹងប៉ុណ្ណោះ។
លោក ធូ ពន្លឺ តំណាងឲ្យក្រុមវិនិយោគិនដែលបណ្តាក់ទុនវិនិយោគតាមរយៈក្រុមហ៊ុន GFX ចំនួនជាង៥០០នាក់ ស្មើនឹងទឹកប្រាក់វិនិយោគសរុបជាង ៧លានដុល្លារអាម៉េរិក បានប្រកាន់គោលជំហរថា នៅតែមិនចូលរួមប្តឹងជាមួយក្រុមហ៊ុនទេ ព្រោះថា ការវិនិយោគកន្លងមកគឺតាមរយៈនិងជាមួយក្រុមហ៊ុននៅក្នុងស្រុកប៉ុណ្ណោះ។ លោក បានឲ្យដឹងទៀតថា គិតចាប់ពីថ្ងៃតវ៉ាទាមទារប្រាក់ដើមត្រឡប់មកវិញនៅមុខក្រុមហ៊ុនកាលពីចុងខែឧសភាកន្លងទៅ និងការដាក់លិខិតទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំអន្តរាគមន៍ មកដល់ពេលនេះពុំទាន់មានការកោះហៅឬដំណោះស្រាយណាមួយទេ ដោយស្ថិតក្នុងការរងចាំបន្តទៀត។
ជុំវិញព័ត៌មានខាងលើនេះ ទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានព្យាយាមទំនាក់ទំនងទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានិយ័តករមូលបត្រកម្ពុជា ដើម្បីសុំការបញ្ជាក់ពីរឿងនេះ ប៉ុន្តែមិនមានការឆ្លើយតប។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) ជាក្រុមហ៊ុនភ្នាក់ឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីគណៈកម្មាការមូលបត្រកម្ពុជា សំដៅទៅលើការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រសន្ទស្សន៍លោហៈធាតុមានតម្លៃរូបិយប័ណ្ណអន្តរជាតិ មាស និងប្រេងឆៅជាដើម៕
អត្ថបទ ៖ ឈិត បូរ៉ាវី