ទីភ្នាក់ងារព័ត៌មាន SONNA បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសសូម៉ាលី បានឆក់យកអាយុជីវិតមនុស្សជិត ១០០នាក់ ។
ពួកគេរាយការណ៍ថា មនុស្ស ៩៦នាក់ បានស្លាប់ ដែលជាតួលេខផ្តល់ជូនដោយប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី ។

លោក Hawa Ali Amadin គឺជាពលរដ្ឋមួយរូបរបស់សូម៉ាលី និយាយថា ទឹកជំនន់ទាំងនេះ កើនឡើងទ្វេដងបើធៀបនឹងគ្រោះទឹកជំនន់លើកមុន ។ ពេលភ្លៀងធ្លាក់ ពួកយើងអង្គុយក្រៅផ្ទះក្រោមសំពត់តង់រហូតដល់ភ្លៀងរាំង ។

លោកបន្តថា ពួកយើងចូលផ្ទះវិញ ពេលដែលលែងមានភ្លៀងធ្លាក់ ដើម្បីចំអិនអាហារដល់កូនៗរបស់ពួកយើង ។
គួរឲ្យដឹងថា ប្រទេសសូម៉ាលី និងប្រទេសជាច្រើនទៀតអាហ្វ្រិកខាងកើត បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ ដែលបានចាប់ផ្តើមឡើងកាលពីខែតុលា បង្កឡើងដោយសារបាតុភូតអែល នីញ៉ូ និងបាតុភូតអាកាសធាតុមហាសមុទ្រឥណ្ឌា Dipole ។
បាតុភូតទាំង គឺជាលក្ខខណ្ឌអាកាសធាតុដែលធ្វើឲ្យប៉ះពាល់ដល់សីតុណ្ហភាពផ្ទៃមហាសមុទ្រ និងបណ្តាលឲ្យមានភ្លៀងធ្លាក់លើសកម្រិតមធ្យម ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ទឹកជំនន់ទាំងនេះ ត្រូវបានចាត់ទុកថាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បណ្តាលឲ្យមនុស្ស ៧០ម៉ឺននាក់ ជម្លៀសខ្លួន ។
ដោយឡែក នៅក្នុងប្រទេសជិតខាងកេនយ៉ា ទឹកជំនន់បានសម្លាប់មនុស្ស ៧៦នាក់ ។ ផ្លូវ និងស្ពានរងការខូចខាត ហើយប្រជាពលរដ្ឋគ្មានទីជម្រក ការផ្គត់ផ្គង់ទឹក និងចំណីអាហារ ៕