កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋបានត្អូញត្អែពីការរលាកបំពង់ក. និងក្រហាយភ្នែក ពេលដែលគុណភាពខ្យល់ដ៏គ្រោះថ្នាក់បន្តយាយីរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។
ផ្លូវ និងអគារ ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទនៅក្នុងទីក្រុងមួយនេះ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់(AQI) របស់ស្ថានទូតសហរដ្ឋអាមេរិក កើនឡើងដល់កម្រិត ៣៣០ ធ្វើឲ្យវាស្ថិតក្នុងប្រភេទកម្រិតខ្យល់ប្រកបដោយគ្រោះថ្នាក់ ។

រដ្ឋធានីមានខ្យល់កខ្វក់ជាងគេបំផុតរបស់ពិភពលោកមួយនេះ បានចាប់ផ្តើមឡើងវិញការប្រយុទ្ធប្រឆាំងប្រចាំឆ្នាំរបស់ខ្លួនលើខ្យល់កខ្វក់នៅក្នុងខែវិច្ឆិកានេះ បើទោះបីជារដ្ឋាភិបាលសន្យាធ្វើឲ្យល្អប្រសើរឡើងស្ថានភាពខ្យល់កខ្វក់ក៏ដោយ ។

ទិន្នន័យពី គណៈកម្មាធិការគ្រប់គ្រងខ្យល់កខ្វក់កណ្តាលឥណ្ឌា(CPCB) បង្ហាញពីសន្ទស្សន៍គុណភាពខ្យល់លើសពីកម្រិត ៤០០នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ។ គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ។
ខ្យល់កខ្វក់នៅក្នុងទីក្រុងញូវដែល្លី កាន់តែអាក្រក់ខ្លាំងនៅរដូវរងា ពេលដែលល្បឿនខ្យល់បក់ធ្លាក់ចុះ និងអាកាសធាតុត្រជាក់ទាក់ខ្យល់កខ្វក់បង្កឡើងដោយសាររថយន្ត ឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជុំវិញ ដើម្បីត្រៀមដាំដំណាំថ្មី ៕