ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បានបន្តចុះយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ដែលមានទីតាំងនៅមុខបរិវេណសួនច្បារផ្សារចាស់ ផ្សាររាត្រី និងសួនច្បារត្រើយខាងកើតជ្រោយចង្វារ លើស្តង់លក់ និងកន្លែងលក់រាយ ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់។
យោងតាមរបាយការណ៍ចុះអនុវត្តត្រួតពិនិត្យ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបរាប់ឲ្យដឹងថា ការត្រួតពិនិត្យនេះ ធ្វើឡើងដោយមាននាយកដ្ឋានមន្ទីរពិសោធន៍ និងសាខា ក.ប.ប. រាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុៈត្រួតពិនិត្យ និងពិសោធន៍លើរថយន្តចល័តតែម្តង ក្នុងគោលបំណងដើម្បីទប់ស្កាត់ បង្ការ ការលក់ចែកចាយម្ហូបអាហារណាមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបហួសកាលបរិច្ឆេទ ប្រើប្រាស់ និងម្ហូបអាហារ មិនមានអនុលោមភាព។
ជាលទ្ធផលនៃការត្រួតពិនិត្យ ចំណោមគំរូផលិតផលម្ហូបអាហារដែលបានវិភាគចំនួន ១៥គំរូ គឺមានអនុលោមទាំងអស់រួមទាំងការត្រួតពិនិត្យកាលបរិច្ឆេទប្រើប្រាស់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបានយល់ ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយឡែក នៅថ្ងៃ២៨ ខែវិច្ឆិកាស្អែកនេះ ក្រុមការងារ ក.ប.ប. នឹងបន្តត្រួតពិនិត្យស្តង់សួនច្បារមុនវត្តបុទម និងនៅទីតាំងផ្សេងទៀត នៃតំបន់ប្រារព្វពិធី ។
សូមបញ្ជាក់ថា ពាក់ព័ន្ធសកម្មភាពការងារខាងលើនេះ ធ្វើឡើងដោយមានការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ៕






