ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានមានសរសេរនៅលើបណ្ដាញសង្គមតេលេក្រាម នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយបានអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ខណៈរយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង។

សម្ដេចតេជោ បានសរសេរថា អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។

សម្ដេចតេជោបញ្ជាក់ថា៖«រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។

សម្ដេចថ្លែងថា៖«ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ»។

សម្ដេចតេជោ បានជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ៕
