ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆេក «ឆេកូ» ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤មិថុនា ដោយនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូនសម្តេចតេជោថា ក្នុងរយៈពេលបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹង ខិតខំពង្រឹងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅឡើងថែមទៀត។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆេក បានគោរពជម្រាបជូនសម្តេចថា ឆេកគឺតែងតែមាន មនោសញ្ចេតនាខ្ពស់ និងមានភាពជិតស្និទ្ធជាមួយកម្ពុជា។
ឯកឧត្តម បានបន្តទៀតថា នៅក្នុងជំនួបនេះ សម្តេចតេជោ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបេសកកម្មការទូត នេះ សម្តេច បានស្នើឱ្យឯកឧត្តមទូតថ្មី យកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
សម្តេចតេជោ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតឆេកថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលអាចចាក់បានដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខ៕
អត្ថបទ ៖ មុត សុទ្ធ


