លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានពណ៌នាបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ថាជា ការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ ប៉ុន្តែបានព្រមានថា វិធានទាំងនោះពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការជំនួយរបស់តំបន់ហ្កាហ្សាស្ទ្រីបនោះទេ។

ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ បាននិយាយកាលពីថ្ងៃចន្ទថា បទ ឈប់បាញ់រយៈពេលបួនថ្ងៃដំបូងត្រូវបានពន្យារពេលពីរថ្ងៃបន្ថែមដោយបន្តការផ្អាកប្រយុទ្ធគ្នានៅក្នុងសង្គ្រាមមានអាយុកាល៧សប្តាហ៍ ដែលបានផ្ដាច់មនុស្សរាប់ពាន់នាក់ និងបានបង្កការបំផ្លិចបំផ្លាញដ៏វិនាសកម្មចំពោះតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន។
លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកសង្ឃឹមយ៉ាងមុតមាំថា ការបន្ថែមពេលវេលាបទឈប់បាញ់នេះ នឹងអនុញ្ញាតឱ្យយើងបង្កើនជំនួយមនុស្សធម៌បន្ថែមទៀតដល់ប្រជាជននៅតំបន់ហ្កាហ្សា ដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង ដោយដឹងថា ទោះបីជាមានពេលវេលាបន្ថែមក៏ដោយ ក៏នឹងមិនអាចបំពេញតម្រូវការដ៏ធំធេងទាំងអស់របស់ប្រជាជនក្នុងតំបន់នោះបានដែរ។

អង្គការសហប្រជាជាតិបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌មួយចំនួនដល់តំបន់ហ្កាហ្សា តាមច្រកព្រំដែន Rafah ពីប្រទេសអេហ្ស៊ីប។ អង្គការសហប្រជាជាតិក៏ចង់មានលទ្ធភាពប្រើប្រាស់ច្រកព្រំដែន Kerem Shalom ដែលគ្រប់គ្រងដោយអ៊ីស្រាអែលនោះដែរ៕
