សមាជិកសហជីពពាណិជ្ជកម្ម និងអ្នកគាំទ្រអៀរឡង់ ចូលរួមបាតុកម្មនៅទីក្រុង Dublin កាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ដើម្បីប្រឆាំងនឹងអំពើកុបកម្មដែលបង្កឡើងដោយការចាក់ដោយកាំបិតលើកុមារបីនាក់កាលពីថ្ងៃព្រហស្បតិ៍ ២៣ វិច្ឆិកាសប្ដាហ៍មុន។
ក្រុមបាតុករបានកាន់បដាដែលនិយាយថា ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ពួកហ្វាស៊ីស និងការរួបរួមលើការបែកបាក់ ដែលបង្ហាញពីសាមគ្គីភាព សម្រាប់កម្មករដែលរងការវាយប្រហារក្នុងកុបកម្មទាំងនោះ។
លោក Owen Reidy អគ្គលេខាធិការនៃសភាសហជីពពាណិជ្ជកម្មអៀរឡង់ ដែលជាស្ថាប័នដ៏សំខាន់មួយបាននិយាយថា យើងឈរជាមួយកម្មករទាំងនោះ ហើយយើងចង់បានប្រទេសអៀរឡង់រួបរួមគ្នា។
នគរបាលបានស្តីបន្ទោសក្រុមអ្នកញុះញង់ស្តាំនិយមចំពោះការចាប់ផ្តើមអំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍មួយក្រុមតូចបានទៅដល់កន្លែងកើតហេតុ នៃការចាក់ដោយកាំបិតលើកុមារ និងប៉ះទង្គិចជាមួយនគរបាល។
នគរបាលដែលនិយាយថាពួកគេមិនបានច្រានចោលការលើកឡើងណាមួយរួមទាំងថាវាពាក់ព័ន្ធនឹងអំពើភេរវកម្មនោះ ពុំបានធ្វើអត្ថាធិប្បាយអំពីសញ្ជាតិរបស់ បុរសម្នាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ចាក់ដោយកាំបិតនោះទេ ប៉ុន្តែមានការសន្និដ្ឋានភ្លាមៗតាមអ៊ីនធឺណិតថាបុរសរូបនោះជាជនបរទេស៕

