វេជ្ជបណ្ឌិតមកពីក្រសួងសុខាភិបាលរបស់អ៊ីស្រាអែលបាននិយាយនៅព្រឹកថ្ងៃអង្គារ២៨ ខែវិច្ឆិកានេះថា ចំណាប់ថ្នូរចំនួន ១១នាក់ដែលត្រូវបានដោះលែងពីតំបន់ហ្កាហ្សា នាពេលថ្មីៗ នេះស្ថិត ក្នុងស្ថានភាពសុខភាពធម្មតានៅក្នុងមន្ទីរពេទ្យក្រុង Tel Aviv ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់ថ្ងៃទី៥។
លោក Ram Sagi វេជ្ជបណ្ឌិតមកពីក្រសួងសុខាភិបាលអ៊ីស្រាអែលនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sourasky នៃមន្ទីរពេទ្យ Ichilov របស់ទីក្រុង Tel Aviv បាននិយាយថា កុមារទាំង៩នាក់ និងស្ត្រីពីរនាក់ កំពុងស្នាក់នៅជាមួយគ្រួសាររបស់ពួកគេនៅក្នុង បរិយាកាសស្ងប់ស្ងាត់ មុនពេលការវាយតម្លៃផ្នែកវេជ្ជសាស្រ្តចាំបាច់បន្ថែមទៀត។
ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល និងបរទេសសរុបចំនួន ៦៩ នាក់ត្រូវបានដោះលែងដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស ចាប់តាំងពីថ្ងៃសុក្រ ២៤ ខែវិច្ឆិកា ក្រោមបទឈប់បាញ់រយៈពេល ៤ ថ្ងៃ។
សេវាពន្ធនាគារអ៊ីស្រាអែលបាននិយាយថា អ្នកទោសប៉ាឡេស្ទីន ចំនួន៣៣ នាក់ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ពីពន្ធនាគារ Ofer របស់អ៊ីស្រាអែលនៅតំបន់ West Bank និងពីមជ្ឈមណ្ឌលឃុំឃាំងនៅទីក្រុងហ្សេរុយសាឡឹមដែលនាំឱ្យចំនួនសរុបនៃជនជាតិប៉ាឡេស្ទីនដែលខ្លួនបានដោះលែងចាប់តាំងពីថ្ងៃសុក្រឡើងដល់១៥០នាក់៕


