ជិតបីឆ្នាំក្រោយរដ្ឋប្រហារយោធាដ៏បង្ហូរឈាមរបស់ខ្លួន របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការគំរាមកំហែងដ៏ធំបំផុតចំពោះការកាន់អំណាច ខណៈខ្លួនប្រយុទ្ធនឹងសង្រ្គាមនៅតាមសមរភូមិជួរមុខជាច្រើន នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមក្រុមអ្នកជំនាញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងជីវពលជនជាតិភាគតិចប្រដាប់អាវុធដ៏មានអំណាចបានរួមដៃជាមួយកងកម្លាំងចលនាតស៊ូ ដើម្បីបន្តការវាយលុកទ្រង់ទ្រាយធំថ្មីៗមិនធ្លាប់មាន ដោយបង្ហាញពីដែនកំណត់ នៃសមត្ថភាពរបស់របបយោធាគ្មានប្រជាប្រិយភាពយ៉ាងខ្លាំង ស្របពេលរបបសឹកមួយនេះ បានបាត់បង់ទីប្រជុំជនព្រំដែនយុទ្ធសាស្ត្រ ទីតាំងយោធាសំខាន់ៗ និងផ្លូវពាណិជ្ជកម្មសំខាន់ៗក្នុងទំហំដ៏ធំ ដែលមិន ធ្លាប់ឃើញ។

លោក Matthew Arnold អ្នកវិភាគឯករាជ្យរបស់មីយ៉ាន់ម៉ាបាននិយាយថា របបយោធាកំពុងដួលរលំនៅពេលនេះ ហើយអាចកើតឡើងបានដោយសារតែមានការខិតខំប្រឹងប្រែងកាន់តែទូលំទូលាយនៅទូទាំងប្រទេសនេះ ។ ដោយហៅថាជាពេលវេលាសម្រាប់យោធា លោក Arnold បាននិយាយថា ឥឡូវនេះ ការតស៊ូគឺ ផ្តោតលើការដណ្តើមយកទីក្រុងធំៗ ដើម្បីកម្ចាត់របបយោធាជាមូលដ្ឋាន។
ការវាយលុកដែលមានឈ្មោះថា ប្រតិបត្តិការ ១០២៧(Operation 1027) បានចាប់ផ្តើមកាលពីចុងខែតុលា ដោយសម្ព័ន្ធមិត្តក្រុមឧទ្ទាមជនជាតិភាគតិចដ៏មានឥទ្ធិពលចំនួនបីនៅភាគឦសានរបស់ប្រទេសនោះ ចាប់តាំងពីពេលនោះមកបានជំរុញឱ្យមានការក្រោកបះបោរទូទាំងប្រទេសដើម្បីដណ្តើមកាន់កាប់ទីក្រុង និងតំបន់នានានៅភាគខាងជើង ខាងលិច និងភាគអាគ្នេយ៍របស់សហភាពមីយ៉ាន់ម៉ា។ យោងតាមអង្គការសហប្រជាជាតិ ជនស៊ីវិលជិត២០០នាក់បានសម្លាប់ និងមនុស្សប្រមាណ ៣៣៥.០០០នាក់ បានចល័តទីលំនៅថ្មីដោយសារការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២៧ ខែតុលា៕
