វាយកូនបាល់៖ ជើងឯកវាយកូនបាល់ Grand Slam, French Open កីឡាការិនីឆេក Barbora Krejcikova បានក្លាយជាជើងឯកម្តងពីរក្នុងមួយឆ្នាំ បន្ទាប់ពីឈ្នះពានក្នុងវិញ្ញាសាវាយគូមួយទៀតថ្ងៃអាទិត្យម្សិលមិញ។
កីឡាករវ័យ ២៥ឆ្នាំរូបនេះបានឈ្នះពានផ្នែកនារីឯកត្តជន ជាលើកដំបូងក្នុងអាជីពកាលពីថ្ងៃសៅរ៍ បន្ទាប់ពីយកឈ្នះកីឡាការិនីរុស្ស៊ី Anastasia Pavlyuchenkova នៅវគ្គផ្ដាច់ព្រ័ត្រ។ Barbora Krejcikova ក្រៅពីបង្កើតប្រវត្តិសាស្ត្រឈ្នះពាន Grand Slam លើកដំបូងក្នុងអាជីពហើយ ថ្ងៃអាទិត្យម្សិលមិញចាប់ដៃគូជាមួយមិត្តរួមជាតិឆេកកីឡាការិនី Katerina Siniakova យកឈ្នះគូប្រកួតកីឡាការិនីប៉ូឡូញ Iga Swiatek ចាប់ដៃគូជាមួយ Bethanie Mattek-Sands មកពីអាមេរិក ៦-៤ និង ៦-២។
មិនមានអ្នកណាអាចធ្វើបានបែបនេះឡើយតាំងពីឆ្នាំ២០០០ ដែលធ្វើបានចុងក្រោយដោយកីឡាការិនីបារាំង Mary Pierce។ សំរាប់វិញ្ញាសាវាយគូនេះ Barbora Krejcikova ឈ្នះបាន Grand Slam សរុប ៧លើក និងលើកទី៣ ក្នុងការចាប់ដៃគូជាមួយ Katerina Siniakova៕
អត្ថបទ៖នាង សុភាវុធ