ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានប៉ះទង្គិចគ្នានៅក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង និងហេតុផលសម្រាប់ភាពតានតឹងដែលចេះតែកើនឡើងនៅក្នុងជម្លោះពាក្យសម្ដីជាសាធារណៈដ៏កម្រ និងដោយផ្ទាល់រវាងគូសត្រូវទាំង២។

បន្ទាប់ពីអវត្តមានជិត៦ឆ្នាំមក ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមបញ្ជូនបេសកជនរបស់អង្គការសហប្រជាជាតិម្តងទៀតទៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់ខ្លួនកាលពីខែកក្កដា។ ស្ថាប័នដែលមានសមាជិក ១៥ នាក់បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃទី ២១ ខែវិច្ឆិកា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Song បានធ្វើអត្ថាធិប្បាយដោយពុំបានគ្រោងទុក ដោយចូលរួមក្នុងការជជែកដេញដោលគ្នាអំពីសិទ្ធិនៃការឆ្លើយតបនៅទូទាំងតុក្រុមប្រឹក្សា ដោយម្នាក់ៗប្រកែកថាប្រទេសរបស់ពួកគេកំពុងធ្វើសកម្មភាពការពារខ្លួន។

កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីមីស៊ីលអន្តរទ្វីប និងនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៦មក។ នេះរួមបញ្ចូលទាំងការហាមប្រាមលើការអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីបផងដែរ។ ចិន និងរុស្ស៊ី និយាយថា សមយុទ្ធយោធារួមគ្នា ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើឱ្យទីក្រុងព្យុងយ៉ាងផ្ទុះកំហឹង ខណៈទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ពីបទជួយប្រទេសកូរ៉េខាងជើង គេចពីការដាក់ទណ្ឌកម្មបន្ថែមទៀត៕
