
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថារយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេសជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាលក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ និងទស្សនាកម្សាន្តដោយភាពជឿជាក់បំផុត ។

សម្ដេចធិបតីបានថ្លែងថា នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕







