គណៈកម្មការនានា នៃអនុសញ្ញាអូតាវ៉ារួមនិងអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាងអង្គការសហប្រជាជាតិ គណៈកម្មការកាកបាទក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD បានជួបពិភាក្សាគ្នា ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការ ខណៈកម្ពុជាធ្វើជាប្រធាននិងជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៤ខាង មុខនេះ។
កិច្ចប្រជុំគណៈកម្មការនានា ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការរបស់គណៈកម្មការនៃអនុសញ្ញាសម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីននិង ក្នុងនាមជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ានាឆ្នាំ២០២៤ខាងមុខនេះ។
គណៈកម្មការនៃអនុសញ្ញាអូតាវ៉ាមានចំនួន៤គឺគណៈកម្មការអនុវត្តមាត្រា៥ គណៈកម្មការជួយជនរងគ្រោះ គណៈកម្មការពង្រឹងកិច្ចសហប្រតិបត្តិការនិងជំនួយ និងគណៈកម្មការអនុលោមភាពសហប្រតិបត្តិការដែលមានឯកអគ្គរដ្ឋទូត/រាជទូតប្រចាំនៅទីក្រុងហ្សឺណែវជាសមាជិក មកពីប្រទេសកូឡុំប៊ី ស៊ុយអែត ថៃ អង់គ្លេស ស្លូវេនៀ ហ្សំបាវ៉េ ប៊ូគីណូបាសូ ហូឡង់ អាល់ហ្សឺរី ជប៉ុន តួកគី ដាណឺម៉ាក ន័រវេស្ស និងអាហ្វ្រិកខាងត្បូង។ ក្នុងនោះដែរមានអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាងអង្គការសហប្រជាជាតិ គណៈកម្មការកាកបាទ ក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD ។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីលីធុជ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងអំណរគុណដល់គណៈកម្មការ ទាំង៤ និងអ្នកអង្កេតការណ៍អន្តរជាតិទាំងអស់ ចំពោះកិច្ចគាំទ្រដល់កម្ពុជា ព្រមទាំងបានបន្តកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ តាមបែបបទនិងនីតិវិធីរបស់អនុសញ្ញាអូតាវ៉ានេះ ៕ អត្ថបទ៖ ភារម្យ




