ភ្នំពេញ៖ គិតក្នុងរយៈពេល ៣ថ្ងៃ នៃការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បើកយុទ្ធនាការចុះត្រួតពិនិត្យចំណីម្ហូបអាហារ ក្នុងនោះបានរកបង្គាមានសារធាតុចាហ៊ួយ ២គីឡូក្រាម និងនំចម្រុះមិនអនុលោមលើស្លាកសញ្ញាចំនួន ២០កញ្ចប់ ស្មើ ២គីឡូក្រាម ត្រូវបានរកឃើញ និងដកហូតតាមនីតិវិធី។
ប្រភពក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅតាមទីតាំងបរិវេណសួនច្បារវត្តបុទុមវត្តី និងសួនច្បារកោះនរា ដើម្បីចូលរួមទប់ស្កាត់ការលក់ និងចែកចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ ព្រមទាំងម្ហូបអាហារមិនមានអនុលោមភាព។
ជាលទ្ធផលនៃការវិភាគ ក្នុងចំណោមផលិតផលម្ហូបអាហារ ៣១គំរូ ពិនិត្យឃើញមានបង្គាក្លាសេ ១គំរូ បានពិនិត្យរកឃើញមានចាក់បញ្ចូលសារធាតុចាហ៊ួយ ហើយត្រូវបានក្រុមការងារដកហូតចំនួន ២គីឡូក្រាម និងនំចម្រុះពុំមានអនុលោមភាពខូចគុណភាពចំនួន ២០កញ្ចប់ ទម្ងន់ប្រមាណជិត ២គីឡូក្រាម ដើម្បីយកទៅកំទេចចោល ព្រមទាំងកំពុងបន្តស្វែងរកប្រភពចែកចាយបន្ត។ ដោយឡែក ចំពោះទំនិញហួសកាលបរិច្ឆេទប្រើប្រាស់វិញ មិនត្រូវបានរកឃើញទេ។ ក្នុងឱកាសនោះដែរ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្រ្ជាបចំណេះដឹងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ដោយតម្រូវឱ្យការដាក់តាំងលក់ត្រូវមានអនាម័យ ជូនដល់អាជីវករ និងអ្នកចូលរួមផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធសកម្មភាពការងារខាងលើនេះ ធ្វើឡើងដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ៕