ប្រជាជនប៉ាឡេស្ទីន បានអបអរសាទរនៅខាងក្រៅពន្ធនាគារ អូហ្វើ (Ofer) នៅប៉ុស្តិ៍ត្រួតពិនិត្យ បៃទុនៀ (Beitunia) នៃតំបន់វេស បែង ខណៈក្រុមអ្នកទោសថ្មីបានបើកឆ្លងកាត់ទីនោះ បន្ទាប់ពីការដោះលែងរបស់ពួកគេ និងដោយមានជំនួយពីកាកបាទក្រហមអន្តរជាតិកាលពីយប់ថ្ងៃអង្គារ (២៨ វិច្ឆិកា)។
អ៊ីស្រាអែលបាននិយាយថា ខ្លួនបានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ ពីពន្ធនាគារ អូហ្វើ និងមជ្ឈមណ្ឌលឃុំឃាំងមួយនៅក្នុងទីក្រុង ហ្សេរុយសាឡឹម (Jerusalem)។ អ្នកទោសត្រូវដោះលែងទាំងនោះរួមមានស្ត្រី ១៥នាក់ និងបុរសវ័យជំទង់ ១៥នាក់ នេះបើយោងតាមក្លឹបអ្នកទោសប៉ាឡេស្ទីន ដែលជាអង្គការពាក់កណ្តាលផ្លូវការ។

ការដោះលែងរបស់ពួកគេបានកើតឡើងនៅពេលដែលក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរចំនួន ១២នាក់ បន្ថែមទៀតនៅថ្ងៃទី៥ នៃបទឈប់បាញ់ដែលត្រូវបានបន្លាយរយៈពេលរហូតដល់ ៦ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា។
បទឈប់បាញ់នេះបាននាំឱ្យតំបន់ហ្កាហ្សា ទទួលបានការសម្រាកជាលើកដំបូងបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលប្រាំពីរសប្តាហ៍ និងការទម្លាក់គ្រាប់បែក ដែលបានបំផ្លាញផ្នែកជាច្រើននៃតំបន់ហ្កាហ្សា ស្ទ្រីប ឲ្យក្លាយទៅជាកម្ទេចថ្ម។
ដើមឡើយ បទឈប់បាញ់នេះត្រូវផុតកំណត់រយៈពេញមួយយប់ឈានចូលថ្ងៃអង្គារ ប៉ុន្តែភាគីទាំងពីរបានយល់ព្រមបន្តការផ្អាក ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស និងដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល៕
