សួនច្បារនៅតាមមាត់ទន្លេ និងទីតាំងមួយចំនួនដទៃផ្សេងទៀត ដែលជាទីតាំងប្រារព្ធពិធីបុណ្យអុំទូក ត្រូវបានសម្អាតបានស្អាតល្អបណ្តើរៗហើយ ត្បិតមិនបាន១០០ភាគរយ ប៉ុន្តែសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានអនាម័យ ត្រូវបានពលរដ្ឋមើលឃើញថា មានភាពល្អប្រសើរខ្ពស់ ក្រោយបុណ្យអ៊ុំទូក ត្រូវបានបញ្ចប់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ។

ពលរដ្ឋដែលបានដើរលេងកម្សាន្តនៅតាមសួនច្បារមាត់ទន្លេ នាព្រឹកនេះ បានបង្ហាញក្តីរីករាយ និងមើលឃើញថា ដោយសារប្រទេសជាតិរីកចម្រើន ហើយពលរដ្ឋកាន់តែមានភាពយល់ដឹងបានខ្ពស់ពីការថែរក្សាបរិស្ថានអនាម័យ ទើបធ្វើឱ្យបរិស្ថានមានភាពស្អាតល្អ បើទោះបីបុណ្យអុំទូកដែលទើបបញ្ចប់ មានមនុស្សម្នាជាច្រើនលាននាក់បានទៅដើរលេងកម្សាន្តក៏ដោយ ។

ពលរដ្ឋ បន្តថា ការថែទាំបរិស្ថាន ជារឿងសម្ខាន់ណាស់ មិនអាចរំពឹងតែអ្នកសម្អាតតែមួយមុខនោះទេ គឺត្រូវទាមទារការចូលរួមពីយើងទាំងអស់គ្នា ដោយហូបចុកហើយ សូមប្រមូលសំរាមចោលក្នុងធុងសម្រាមជាច្រើន ដែលអាជ្ញាធរបានរៀបចំទុក សម្រាប់ការចោល ។

ក្រុមអ្នកប្រមូលសំរាម បានប្រាប់ឱ្យដឹងថា ៖ នៅព្រឹកនេះ ពួកគាត់មានភាពងាយស្រួល ក្នុងការដើរប្រមូលសំរាម ដោយសារពលរដ្ឋភាគច្រើនបានចូលរួមជាមួយសកម្មភាពថែទាំបរិស្ថាន មិនជួបការលំបាកដូចពេលមុនៗកន្លងទៅ ព្រោះតែពលរដ្ឋនៅមានការយល់ដឹងមានកម្រិតពីការទុកដាក់សំរាម ។ ក្នុងនោះ រយះពេល៣ថ្ងៃ នៃបុណ្យអ៊ុំទូក ក្រុមការងារ បានប្រមូលសំរាមជាប្រចាំ បូករួមទាំងថ្ងៃនេះផងដែរ ដើម្បីធានាឱ្យបានឡើងវិញថា បរិស្ថាន នៅជុំវិញទីតាំង គឺត្រូវស្អាតល្អឡើងវិញ ១០០ភាគរយ ។

គួររំលឹកថា ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទើបនឹងបញ្ចប់ បានប្រារព្ធទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ លីហេង



