MC៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងប្រទេសឡាវ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។

តបតាមការអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងនៅប្រទេសឡាវ ហើយនឹងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម (CLV)លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងរបស់សម្ដេចរដ្ឋសភាធិបតីនាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់សម្តេចរដ្ឋសភាធិបតី ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បានប្រសូត្រឡើង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ចនាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ជាមួយគ្នា ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រទេស និងប្រជាជនទាំងសងខាង។
សូមជម្រាបជូនថា សកម្មភាពការងារសំខាន់ៗរបស់សម្តេចរដ្ឋសភាធិបតី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូខាងមុខ គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន ភូដុង អគ្គលេខាធិការបក្សវៀតណាម ប្រធានវៀតណាម និងជួបពិភាក្សាការងារពន្ធភាគីជាមួយ ឯកឧត្ដម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម។
ដោយឡែកចំពោះដំណើរទស្សនកិច្ចនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ, ឯកឧត្តម សូនេសាយ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្ដម សាយសំភូន ភូមិវិហាន ប្រធានរដ្ឋសភាឡាវ។
ជាមួយគ្នា សម្តេចរដ្ឋសភាធិបតី យួន សុដារី គ្រោងនឹងទទួលជួបសំណេះសំណាលជាមួយនិសិ្សតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវផងដែរ ខណៈក្រៅពីនោះសមាជិកគណៈប្រតិភូ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីឡាវមួយចំនួនទៀតផងដែរ។
នាឱកាសបំពេញទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបីធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទាំងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍ(CLV-DTA) កាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

