ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បានសម្លាប់មនុស្សចំនួន ១២០នាក់ នៅក្នុងប្រទេសកេនយ៉ា ខណៈប្រជាជនជិត ៩ ម៉ឺនគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ នេះបើយោងតាមរដ្ឋាភិបាលកេនយ៉ា បាននិយាយកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា)។

ចំនួនអ្នកស្លាប់តាមការប៉ាន់ប្រមាណចុងក្រោយបង្អស់នៅក្នុងប្រទេសកេនយ៉ានេះ បានកើនឡើងទ្វេដង ខណៈដែលភ្លៀងធ្លាក់ខ្លាំងតាមរដូវកាល បន្ទាប់ពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ បានជន់លិចទីក្រុង និងភូមិនានានៅទូទាំងទ្វីបអាហ្រ្វិកខាងកើត ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់គ្មានផ្ទះសម្បែង។

ទីភ្នាក់ងារជំនួយបាននិយាយថា លំនៅឋានរាប់ពាន់ខ្នងត្រូវបានបំផ្លាញ ឬលិចលង់ ខណៈដីស្រែត្រូវបានលិចទឹក ហើយបសុសត្វរាប់ម៉ឺនក្បាលបានលង់ទឹកស្លាប់។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម្នាក់បាននិយាយថា នៅក្នុងប្រទេសជិតខាង សូម៉ាលី ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៦នាក់ និងធ្វើឲ្យមនុស្សជាង ៧០ម៉ឺននាក់ ផ្លាស់ទីលំនៅ។

ស្រុកចំនួនបួននៅភាគខាងកើតប្រទេសកេនយ៉ា រួមមានស្រុក ថាណា រីវើ (Tana River) ស្រុកហ្ការីសា (Garissa) ស្រុកវ៉ាជឺ (Wajir) និងស្រុកម៉ានដឺរ៉ា (Mandera) ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រេម៉ុន អូម៉ូឡូ (Raymond Omollo)។ នាយកដ្ឋានឧតុនិយមកេនយ៉ា បានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៤៕