រយៈពេលប៉ុន្មានម៉ោងមុនពេលអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមបន្តបទឈប់បាញ់របស់ពួកគេ ពីរថ្ងៃទៀត អ្នកការទូតជាន់ខ្ពស់ប៉ាឡេស្ទីន បានធ្វើការអំពាវនាវមួយ ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃចន្ទរបស់សមាជិកសហភាពអឺរ៉ុប និងប្រទេសអារ៉ាប់សម្រាប់ការបញ្ចប់យ៉ាងច្បាស់លាស់ចំពោះការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប។

លោក Riad al-Maliki បាននិយាយជាភាសាអេស្ប៉ាញ ក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងកិច្ចប្រជុំរបស់ ក្រុមអ្នកការទូត នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញថា៖«យើងត្រូវរកវិធីអនុវត្តសម្ពាធចាំបាច់ ដើម្បីកុំឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បន្តការសម្លាប់មនុស្សស្លូតត្រង់ បើមិនដូច្នេះទេ យើងអាចនៅបន្តរាប់សាកសពមនុស្ស។

លោក Al-Maliki បានព្រមានថា ការបន្តសង្រ្គាមឡើងវិញដោយអ៊ីស្រាអែល នឹងនាំឲ្យមានការស្លាប់បន្ថែមទៀត នៅក្នុងជម្លោះ ដែលបានសម្លាប់មនុស្សជាង ១៤.000នាក់ ដែលភាគច្រើន ជាជនជាតិប៉ាឡេស្ទីន។
លោកគឺជារដ្ឋមន្ត្រីការបរទេសសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលកងកម្លាំងរបស់ពួកគេ ត្រូវបានបណ្តេញចេញពីតំបន់ហ្កាហ្សាដោយក្រុមហាម៉ាស នៅពេលដែលខ្លួនបានដណ្តើមអំណាច ក្នុងឆ្នាំ២០០៧។
អ៊ីស្រាអែល មិនបានចូលរួមកិច្ចប្រជុំដែលរៀបចំដោយសហភាពអឺរ៉ុបសម្រាប់សមុទ្រមេឌីទែរ៉ាណេ និងដឹកនាំដោយប្រធានគោលនយោបាយការបរទេសរបស់ EU លោក ចូសិប បូរ៉ែល (Josep Borrell) និងរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi ។ គណៈប្រតិភូជាច្រើនក្នុងចំណោមគណៈប្រតិភូទាំង៤៣ ត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ។