ក្រុមអាជ្ញាធរនៅភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា បានជំរុញប្រជាពលរដ្ឋរបស់ខ្លួន ឱ្យស្នាក់នៅក្នុងផ្ទះដោយព្រមានពីគ្រោះថ្នាក់ ដែលគំរាមកំហែងដល់អាយុជីវិតបន្ទាប់ពីអាកាសធាតុរដូវរងាបានកើតមានឡើង បង្កឲ្យមានគ្រោះថ្នាក់ដល់ផ្លូវថ្នល់ និងបានឆក់យកជីវិតមនុស្ស២នាក់ ។

ការចាប់ផ្តើមនៃរដូវរងាភ្លាមៗបានបណ្ដាលឱ្យមានគ្រោះថ្នាក់ជាច្រើន ហើយមនុស្សត្រូវបានជាប់នៅក្នុងយានជំនិះរបស់ពួកគេ ដោយសារតែផ្លូវរអិល និងមែកឈើបាក់គ្របសង្កត់លើផ្លូវ ដែលបណ្តាលមកពីការធ្លាក់ព្រិលនៅក្នុងតំបន់ជាច្រើននៃប្រទេសអាល្លឺម៉ង់។

នៅក្នុងស្រុក រ៉េន ហ្កូ តូនើស (Rheingau-Taunus) នៅភាគខាងលិចនៃទីក្រុងហេស៊ី(Hesse) មនុស្ស ១០០ នាក់ត្រូវបានជម្លៀសចេញពីយានជំនិះរបស់ពួកគេនៅជិត វិថី អេលធ្វីល ម៉ាទីនស្តាល ( Eltville-Martinsthal) ខណៈមនុស្សចំនួន៧០ នាក់បានជាប់នៅលើផ្លូវក្បែរ តំបន់ លីនីនបាដ (Linienbad) ។
ប្រជាពលរដ្ឋក្នុងតំបន់បានរៀបរាប់ថាការធ្វើដំណើរ ១៥ នាទីចំណាយពេល ៣ ម៉ោង ហើយមានការភ្ញាក់ផ្អើល ដោយសារការធ្លាក់ព្រិលបានបង្កឲ្យការធ្វើចរាចរណ៍មានភាពចលាចល។

ទីភ្នាក់ងារសេវាឧតុនិយមអាល្លឺម៉ង់ (DWD) ព្យាករណ៍ថា ព្រិលជាច្រើននឹងធ្លាក់ម្តងទៀតនៅក្នុងរដ្ឋសហព័ន្ធ នៅថ្ងៃនេះ ដោយបន្ថែមថាស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបែបនេះ នឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕