ចំណាប់ថ្នូរ ១២នាក់ផ្សេងទៀត ត្រូវបានដោះលែងដោយក្រុមហាម៉ាស់កាលពីថ្ងៃអង្គារនៅក្នុងបទឈប់បាញ់របស់ពួកគេជាមួយកងកម្លាំងអ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ពលរដ្ឋអ៊ីស្រាអែល ១០នាក់ និងជនបរទេស២នាក់ បានមកដល់ទឹកដីរបស់ខ្លួន។ វីដេអូរបស់ក្រុមហាម៉ាស ត្រូវបានគេនិយាយថាបង្ហាញពីការប្រគល់ចំណាប់ថ្នូរទៅឲ្យកាកបាទក្រហម។

អ្នកទោសប៉ាឡេស្ទីន ៣០នាក់ ត្រូវបានដោះលែងដោយអ៊ីស្រាអែល ក្នុងការដោះដូរគ្នា។ ការដោះដូរនេះ បានចាប់ផ្តើម ខណៈបទឈប់បាញ់រយៈពេលបួនថ្ងៃ ត្រូវបានបន្ថែមពេលដល់៦ថ្ងៃ ហើយពេលនេះ វាអាចធ្វើទៅបាន។ សារព័រមានរ៉យទ័ររាយការណ៍ថា ប្រមុខ CIA និងចារកម្មអ៊ីស្រាអែល បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា នៅទីក្រុងដូហា ជុំវិញអ្វីដែលត្រូវបានគេចាត់ទុកថាជា «ដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងដ៏មានសក្តានុពល» ហើយមន្ត្រីអេហ្ស៊ីប ក៏មានវត្តមានផងដែរ។ ចំនួនចំណាប់ថ្នូរសរុបដែលក្រុមហាម៉ាសបានដោះលែងមានចំនួន ៨១ នាក់ គិតត្រឹមថ្ងៃអង្គារ។ ពលរដ្ឋអ៊ីស្រាអែលទាំង៦០នាក់ ដែលត្រូវបានដោះលែង គឺសុទ្ធតែជាស្ត្រី និងកុមារ។
ការជួបជុំគ្នាឡើងវិញនេះមានការសម្រក់ទឹកភ្នែក និងភាពរីករាយ សម្រាប់គ្រួសារមួយចំនួននៅភាគីទាំងសងខាង ខណៈអ្នកផ្សេងទៀតនៅពុំទាន់ដឹងពីជោគវាសនារបស់មនុស្សជាទីស្រលាញ់របស់ពួកគេនៅឡើយ។

អ៊ីស្រាអែល និយាយថា ខ្លួនបានបើកចំហក្នុងការបន្តការបន្ថែមពេលបទឈប់បាញ់ ប្រសិនបើក្រុមហាម៉ាស បន្តដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ១០ នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែដោយមានការថយចុះ ចំនួនស្ត្រី និងកុមារនៅក្នុងការចាប់ជាចំណាប់ថ្នូរ ការបន្ថែមពេលហួសពីថ្ងៃពុធនេះ អាចតម្រូវឱ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរបុរសមួយចំនួនជាលើកដំបូង។