ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរ ១២ នាក់បន្ថែមទៀត ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ ជាថ្ងៃទីប្រាំនៃបទឈប់បាញ់រយៈពេល៦ថ្ងៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងសង្រ្គាមនៅតំបន់ហ្សា។

ចំណាប់ថ្នូរទាំងនេះ ស្ថិតក្នុងចំណោមមនុស្សប្រមាណ ២៤០ នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថា មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។

អាជ្ញាធរសុខាភិបាល បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងការសងសឹកបានសម្លាប់មនុស្សជាង ១៥.០០០នាក់នៅហ្កាហ្សា។ វីដេអូផ្សាយផ្ទាល់ ដោយទូរទស្សន៍ Al Jazeera កាលពីថ្ងៃអង្គារ បានបង្ហាញរថយន្តក្រុងមួយគ្រឿងមានអ្នកទោសប៉ាឡេស្ទីន ចាកចេញពីពន្ធនាគារ Ofer របស់អ៊ីស្រាអែល នៅតំបន់កាន់កាប់ West Bank ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា ដែលកំពុងសម្របសម្រួលក្នុងជម្លោះនេះ បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានដោះលែងរួមមានស្ត្រី ៩ នាក់ និងអនីតិជនម្នាក់។ ក្រសួងបាននិយាយនៅលើបណ្តាញ Telegram ថា ចំណាប់ថ្នូរមួយចំនួន ត្រូវបានប្រគល់ឲ្យដោយក្រុម Al Quds ដែលជាស្លាប ប្រដាប់អាវុធរបស់ចលនាជីហាតអ៊ីស្លាមនិយមប៉ាឡេស្ទីន ។
បទឈប់បាញ់នេះ បាននាំឱ្យតំបន់ហ្កាហ្សា មានផ្អាកជាលើកដំបូង បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៧ សប្តាហ៍ និងការទម្លាក់គ្រាប់បែក ដែលបានពង្រាបតំបន់ហ្កាហ្សាភាគច្រើនឲ្យទៅជាកម្ទេចកម្ទីថ្ម។ ចំនួនចំណាប់ថ្នូរសរុបដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់កាលពីថ្ងៃសុក្រសប្តាហ៍មុន ពេលនេះមានចំនួន ៨១នាក់ ក្នុងនោះមានពលរដ្ឋអ៊ីស្រាអែល ៦០ នាក់ ជាស្ត្រី និងកុមារ និងជនបរទេស២១នាក់ ដែលភាគច្រើនជាកម្មករកសិដ្ឋានរបស់ប្រទេសថៃ។ ជាមួគ្នានេះ អ៊ីស្រាអែល បានដោះលែងអ្នកទោសចំនួន ១៥០ នាក់ មុនការដោះលែងកាលពីថ្ងៃអង្គារ។