ការិយាល័យប្រធានាធិបតី បាននិយាយថា ប្រធានាធិបតីទួរគីលោក តាយីប អេរដូហ្គែន (Tayyip Erdogan) កាលពីថ្ងៃអង្គារ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres)ថា អ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវ នៅតុលាការអន្តរជាតិ ចំពោះអ្វីដែលលោកហៅថា ឧក្រិដ្ឋកម្មសង្គ្រាម ដែលខ្លួនបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សា។

អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ដែលមនុស្សជាង ១៥.០០០នាក់ ត្រូវបានសម្លាប់ នេះបើតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។

ការវាយលុកនេះ ត្រូវបានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាស បានបន្តការវាយលុកនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ចំនួន ២៤០នាក់។

ការិយាល័យប្រធានាធិបតីទួរគី បាននិយាយថា នៅក្នុងការសន្ទនាតាមស័ព្ទមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់ហ្កាហ្សា ដែលគ្រោងធ្វើ នៅថ្ងៃពុធនេះ លោកអេរដូហ្គែន និង លោកហ្គុយតឺរេស បានពិភាក្សាអំពី «ការរំពឹងទុករបស់សហគមន៍អន្តរជាតិទាក់ទងនឹងការវាយប្រហារដោយខុសច្បាប់របស់អ៊ីស្រាអែល» ការទទួលបានជំនួយមនុស្សធម៌ចូលទៅក្នុងដែនដីនេះ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាពយូរអង្វែង។