ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ០២ល្វែងត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈអស់ស្ទើរទាំងស្រុង តែសំណាងល្អមិនរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៨៨ មូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ ពេលនោះម្ចាស់ផ្ទះក៏បានយកទុយោទឹកបាញ់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានភាពបានអណ្ដាតភ្លើងឆាបឆេះយ៉ាងលឿន។ ភ្លាមៗនោះម្ចាស់ផ្ទះបានយករថយន្តចេញពីក្នុងផ្ទះទាន់ពេលវេលា និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បី ទៅមន្រ្តីជំនាញបង្ការ និងពន្លត់អគ្គីភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍។
តាមន្ត្រីជំនាញបង្ការ និងពន្លត់អគិ្គភ័យបានឲ្យដឹងថាទំហំនៃការខូចខាតសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ ស្ទើទាំងស្រុង រួមមានគ្រឿងធុងបាសដែលតាំងលក់ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ រថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងកើតហេតុចំនួន ២៥គ្រឿង និងប្រើប្រាស់អស់ចំនួន ២៥គ្រឿងទើបបាញ់ពន្លត់រលត់ជាស្ថាពរ។ ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ