ហ្វីលីពីន ៖ រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្ត របស់ប្រទេសនេះបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការចរចាសន្តិភាពឡើងវិញបន្ទាប់ពីការផ្អាករយៈពេល ៦ឆ្នាំ ដោយមានគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍ នេះបើយោងតាមភាគីទាំងពីរ និងអ្នកសម្របសម្រួលប្រទេសន័រវេស បាននិយាយកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា)។
ជម្លោះដ៏បង្ហូរឈាមរវាងក្រុមអាជ្ញាធរ និងកងទ័ពប្រជាជនថ្មី (NPA) ដែលជាស្លាបយោធានៃបក្សកុម្មុយនិស្តហ្វីលីពីន (CPP) បានផ្ទុះឡើងអស់រយៈពេលជាង ៥០ឆ្នាំមកហើយ និងបានសម្លាប់មនុស្សជាង ៤០.០០០នាក់។
គណៈប្រតិភូជាន់ខ្ពស់មកពីភាគីទាំងពីរ កាលពីសប្តាហ៍មុន បានយល់ព្រមលើ «ចក្ខុវិស័យរួមសម្រាប់សន្តិភាព» ក្នុងការស្វែងរកដំណោះស្រាយឧបសគ្គសំខាន់ៗ ដែលត្រូវបានបង្ហាញដោយក្រសួងការបរទេសន័រវេស កាលពីថ្ងៃអង្គារ។
ប្រសិនបើការចរចានេះជោគជ័យ ក្រុមឧទ្ទាមនឹងបញ្ចប់ការតស៊ូប្រដាប់អាវុធ ហើយប្រែក្លាយទៅជាចលនានយោបាយ នេះបើយោងតាមប្រទេសន័រវេស ដែលបានសម្របសម្រួលដំណើរការសន្តិភាពរបស់ប្រទេសកោះអាស៊ីអាគ្នេយ៍មួយនេះអស់រយៈពេលប្រហែល ២០ឆ្នាំមក៕

