រុស្ស៊ី ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានប្រាប់សារព័ត៌មានRT ថា ជនជាតិរុស្សីរាប់រយនាក់ ដែលស្នាក់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប កំពុងរង់ចាំការជម្លៀសចេញ។
អ្នកការទូតរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំអាចនិយាយបានថា ប្រជាពលរដ្ឋរាប់រយនាក់របស់យើង នៅតែស្ថិតក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងនៅលើទឹកដីនៃប្រទេសអេហ្ស៊ីប ដែលកំពុងរង់ចាំការជម្លៀសចេញ។ ពួកគេមួយចំនួន នៅតែនៅលើទឹកដីនៃតំបន់ហ្កាហ្សាស្ទ្រីប អ្នកខ្លះ បានឆ្លងកាត់ព្រំដែនពាក់ព័ន្ធរួចហើយ ហើយកំពុងរង់ចាំការជម្លៀស នៅក្នុងប្រទេសអេហ្ស៊ីប»។
អ្នកស្រីហ្សាខារ៉ូវ៉ា បានសង្កត់ធ្ងន់ថា សេវាអ៊ីនធឺណិត និងទំនាក់ទំនង បានធ្លាក់ចុះមួយរយៈនេះ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ អ្នកស្រី បានចង្អុលបង្ហាញថា៖«មនុស្សជាច្រើនដែលចង់ចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប មិនអាច សូម្បីតែរាយការណ៍អំពីរឿងនេះក៏ដោយ»។
ដូចដែលអ្នកការទូត បានបញ្ជាក់រួចហើយ ប្រទេសរុស្ស៊ី នៅតែបន្តទទួលសំណើពីប្រជាជនរុស្ស៊ី ដូច្នេះកិច្ចខិតខំប្រឹងប្រែងជម្លៀស នឹងបន្តទៅទៀត។

