ហ្កាហ្សា ៖ ប្រជាជននៅតំបន់ហ្កាហ្សា ស្ទ្រីប បានស្វាគមន៍កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងការបន្តបទឈប់បាញ់មនុស្សធម៌បច្ចុប្បន្នរយៈពេលពីរថ្ងៃបន្ថែមទៀត ដោយសង្ឃឹមថាភាគីជម្លោះនឹងឈានដល់បទឈប់បាញ់ជាអចិន្ត្រៃយ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រទេសកាតា ក៏ដូចជាអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានជួយសម្របសម្រួលបទឈប់បាញ់មនុស្សធម៌រយៈពេលបួនថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយភាគីជម្លោះទាំងពីរបានព្រមព្រៀងបន្តបទឈប់បាញ់រយៈពេលពីរថ្ងៃទៀតកាលពីថ្ងៃច័ន្ទ។
អ្នកស្រុកហ្កាហ្សាម្នាក់បាននិយាយថា «យើងចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ពីព្រោះមនុស្សគ្រប់គ្នានៅទីនេះរស់នៅក្រោមសម្ពាធដ៏ធំធេង។ ក្នុងគ្រួសាររបស់ខ្ញុំ យើងមានការព្រួយបារម្ភជារៀងរាល់យប់ចំពោះការទម្លាក់គ្រាប់បែកដែលអាចកើតមាននៅថ្ងៃបន្ទាប់។ យើងពិតជាដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការជួយបន្តបទឈប់បាញ់រយៈពេលពីរថ្ងៃទៀតនេះណាស់»។
រថយន្តជំនួយជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់ហ្កាហ្សា ស្រ្ទីប កាលពីថ្ងៃអង្គារ ដោយធ្វើដំណើរទៅកាន់តំបន់ភាគខាងជើង។ បណ្ដាសហគមន៍អន្តរជាតិកំពុងជំរុញឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍រវាងភាគីសង្រ្គាមទាំងពីរ ដោយនោះជាអ្វីដែលប្រជាជននៅតំបន់ហ្កាហ្សា ត្រូវការបំផុត៕

