អាមេរិក ៖ ប្រធានាធិបតីជាប់ឆ្នោតរបស់អាហ្សង់ទីនលោក Javier Milei កាលពីថ្ងៃអង្គារ (ទី២៨ ខែវិច្ឆិកា) បានជួបជាមួយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ចូ បៃដិន (Joe Biden) នៅសេតវិមាន ក្នុងដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោក គិតចាប់តាំងពីឈ្នះការបោះឆ្នោតជុំទី២ កាលពីដើមខែនេះ។
ការិយាល័យប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គណបក្សស្តាំនិយមរបស់លោក Milei មាននូវ «កិច្ចប្រជុំដ៏វិជ្ជមាន» ជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan ខណៈដែលទស្សនកិច្ចរបស់មេដឹកនាំនាពេលខាងមុខរបស់អាហ្សង់ទីនរូបនេះ បានកើតឡើងស្របពេលដែលលោកប្រធានាធិបតីលោក បៃដិន មិនស្ថិតនៅក្រុងវ៉ាស៊ីនតោន ដោយទៅចូលរួមគោរពវិញ្ញាណក្ខន្ធអតីតស្ដ្រីទី១ លោកស្រី Rosalynn Carter ក្នុងរដ្ឋចចជៀ (Georgia) ហើយបន្ទាប់មកធ្វើដំណើរទៅរដ្ឋ Colorado។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Milei បានឲ្យដឹងថា លោកបានសម្តែង «ទស្សនៈរបស់លោកលើរបៀបវារៈភូមិសាស្ត្រនយោបាយអន្តរជាតិដែលស្របតាមលោកខាងលិច និងការប្តេជ្ញាចិត្តរបស់លោកចំពោះតម្លៃនៃសេរីភាព»។
ជាមួយគ្នានេះ ខាងសេតវិមាន ក៏បានចេញសេចក្តីថ្លែងការណ៍ដែរ ដោយលើកឡើងថា លោក Sullivan និងលោក Milei បានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និង «បានចែករំលែកអាទិភាព ដូចជាការវិនិយោគលើបច្ចេកវិទ្យា និងថាមពលស្អាត ការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងការក្រោកឈរឡើង ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក»។
អ្នកសេរីនិយម លោក Milei ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំង។ លោកមានបំណងចង់ជំនួសប្រាក់ប៉េសូរបស់អាហ្សង់ទីនជាមួយនឹងប្រាក់ដុល្លារអាមេរិក ក្នុងនាមជារូបិយប័ណ្ណជាតិ៕

