អ៊ឺរ៉ុប ៖ តុលាការកំពូលរបស់សហភាពអឺរ៉ុប បានសម្រេចកាលពីថ្ងៃអង្គារ (២៨ វិច្ឆិកា) ថា ក្រុមអាជ្ញាធរសាធារណៈក្នុងរដ្ឋជាសមាជិក អាចហាមឃាត់បុគ្គលិកពីការពាក់ស្លាកសញ្ញានៃជំនឿសាសនា ដូចជាស្បៃរុំក្បាលឥស្លាម នៅក្នុងការសម្រេចចុងក្រោយស្តីពីបញ្ហាដែលបានបង្កការខ្វែងគំនិតនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ។
ករណីនេះបានបញ្ជូនទៅកាន់តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (CJEU) បន្ទាប់ពីបុគ្គលិកម្នាក់នៃសាលាក្រុងអានស៎ (Ans) ភាគខាងកើតប្រទេសបែលហ្ស៊ិក ត្រូវបានគេប្រាប់ថានាងមិនអាចពាក់ស្បៃរុំក្បាលឥស្លាមនៅកន្លែងធ្វើការបានទេ។
សាលាក្រុងនេះបានផ្លាស់ប្តូរលក្ខខណ្ឌការងារជាបន្តបន្ទាប់ ដើម្បីតម្រូវឱ្យនិយោជិតរបស់ខ្លួនគោរពនូវអព្យាក្រឹតភាពយ៉ាងតឹងរ៉ឹង ដោយមិនពាក់សញ្ញាហួសហេតុនៃជំនឿសាសនា ឬមនោគមវិជ្ជា។ ស្បៃរុំក្បាល ឬហៅថាហ៊ីចាប ដែលជាស្បៃបែបប្រពៃណីពាក់ជុំវិញក្បាល និងស្មា គឺជាបញ្ហាដ៏ចម្រូងចម្រាសនៅទូទាំងទ្វីបអឺរ៉ុបអស់ជាច្រើនឆ្នាំមកហើយ ។
តុលាការយុត្តិធម៌ CJEU បាននិយាយថា គោលនយោបាយអព្យាក្រឹតភាពដ៏តឹងរ៉ឹង ដែលមានបំណងបង្កើតបរិយាកាសរដ្ឋបាលអព្យាក្រឹត អាចត្រូវបានចាត់ទុកថាមានភាពត្រឹមត្រូវដោយគោលបំណងស្របច្បាប់។
តុលាការនេះបានបន្ថែមថា រដ្ឋបាលសាធារណៈមួយផ្សេងទៀតក៏នឹងមានភាពយុត្តិធម៌ផងដែរ ប្រសិនបើការសម្រេចផ្តល់សិទ្ធិជាទូទៅ និងមិនរើសអើង ក្នុងការពាក់សញ្ញានៃជំនឿដែលអាចមើលឃើញ៕

