បូលីវី ៖ យោងតាមការស្រាវជ្រាវក្នុងស្រុក បានឲ្យដឹងថា ចំហេះព្រៃយ៉ាងខ្លាំងក្លា នៅប្រទេសបូលីវី បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានរបស់ប្រទេសនេះ ដោយជំរុញឲ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំផ្លិចបំផ្លាញតំបន់ធម្មជាតិរបស់ប្រទេស ដែលមិនអាចនឹងមានភាពប្រសើរឡើងវិញបាន។
នៅតំបន់ភ្នំ San Buenaventura នៅភាគពាយព្យនៃប្រទេស កសិករមានអាររម្មណ៍ថា រងនូវផលប៉ះពាល់យ៉ាងអាក្រក់ដោយសារចំហេះនេះ ដែលពួកគេបានស្តីបន្ទោសដោយត្រង់ៗទៅលើការបម្រែបម្រួលអាកាសធាតុតែម្ដង។ ពួកគេនិយាយថា អណ្ដាតភ្លើងបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ ប៉ះពាល់ដល់បន្លែផ្លែឈើ និងដំណាំដាំដុះផ្សេងៗ ព្រមទាំងប៉ះពាល់ដល់សត្វព្រៃ រុក្ខជាតិ និងជីវចម្រុះ។
យោងតាមអ្នកស្រាវជ្រាវក្នុងស្រុក លោក Vicente Vos បានឲ្យដឹងថា ចំហេះព្រៃរបស់ប្រទេសបូលីវី រួមចំណែកយ៉ាងសំខាន់ ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេស ដោយការលើកឡើងនោះ គឺផ្ទុយស្រឡះទៅនឹងបណ្ដាប្រទេសឧស្សាហកម្ម ដែលដាក់ការបំភាយឧស្ម័នបែបនេះថា ដោយសារសកម្មភាពសេដ្ឋកិច្ច។
យោងតាមគេហទំព័រ climatewatchdata.org ការបំភាយឧស្ម័នផ្ទះកញ្ចក់ ៥៨ភាគរយរបស់ប្រទេសបូលីវី ក្នុងឆ្នាំ២០២០ ត្រូវបានសន្មតថាមកពីការផ្លាស់ប្តូរការប្រើប្រាស់ដី និងព្រៃឈើ ដោយមានកាបូនឌីអុកស៊ីត ៧៦,២លានតោន៕

