រុស្ស៊ី ៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃពុធ (២៩ វិច្ឆិកា) នេះថា ប្រសិនបើសហរដ្ឋអាមេរិក រំពឹងថានឹងឈ្នះការរត់ប្រណាំងសព្វាវុធលើកក្រោយ នោះទីក្រុងវ៉ាស៊ីនតោន យល់ខុសហើយ ដោយបន្ថែមថាជម្លោះយោធារវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ មិនអាចបដិសេធចោលបាននោះទេ។
លោក សឺជី យ៉ាបកូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទទួលបន្ទុកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ បានប្រាប់សារព័ត៌មាន អ៊ីសវេសទៀ (Izvestia) ថា កាលៈទេសៈបច្ចុប្បន្នមិនអំណោយផលដល់កិច្ចចរចាអាវុធជាមួយទីក្រុងវ៉ាស៊ីនតោន នោះទេ។
ទំនាក់ទំនងរបស់រុស្ស៊ី ជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើនបានធ្លាក់ចុះបន្ទាប់ពីការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយទីក្រុងម៉ូស្គូ ឥឡូវនេះបាននិយាយថាខ្លួនកំពុងប្រយុទ្ធនឹងអ្វីដែលហៅថា «សមូហភាពខាងលិច» នៅអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់លោកខាងលិចថា លោកមិននិយាយលេងសើចនោះទេ នៅពេលលោកនិយាយថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបូរណភាពទឹកដីរបស់រុស្ស៊ីត្រូវបានគំរាមកំហែង ហើយបានច្រានចោលលទ្ធភាពដែលរុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ។
លោក Ryabkov បានរំលឹកឡើងវិញនូវជំហររបស់រុស្ស៊ីថា ទីក្រុងម៉ូស្គូ មិនគំរាមកំហែងបង្កជម្លោះយោធាជាមួយអង្គការណាតូទេ ប៉ុន្តែបាននិយាយថា លទ្ធភាពនៃការកើនឡើងជម្លោះ គឺអាស្រ័យលើទង្វើរបស់សម្ព័ន្ធយោធាមួយនេះប៉ុណ្ណោះ៕

