អាមេរិក ៖ លោកស្រី Rosalynn Carter ត្រូវបានគេប្រារព្ធពិធីចងចាំ កាលពីថ្ងៃអង្គារ (ទី២៨ ខែវិច្ឆិកា) សម្រាប់ស្នាដៃការងារមនុស្សធម៌ និងទឹកចិត្តមេត្តាធម៌របស់លោកស្រី ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden និងបណ្ដាឥស្សរជនផ្សេងទៀត បានចូលរួមជាមួយអតីតប្រធានាធិបតីលោក Jimmy Carter វ័យ ៩៩ឆ្នាំ នៅទីក្រុង Atlanta ក្នុងពិធីរំលឹក ចំពោះអតីតស្ត្រីទី១ របស់សហរដ្ឋអាមេរិក ដែលបានដើរតួយ៉ាងលេចធ្លោ ក្នុងពេលដែលស្វាមីរបស់លោកស្រី កាន់តំណែងជាប្រធានាធិបតីឆ្នាំ១៩៧៧-១៩៨១។
អតីតប្រធានាធិបតីបានទៅដល់ព្រះវិហារ Glenn Memorial United Methodist ដោយរទេះរុញ ហើយលោកបានអង្គុយនៅមុខមឈូសផ្ការបស់ភរិយាលោក។ លោក Jimmy Carter ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ ត្រូវបានចូលរួមដោយឥស្សរជននៃគណបក្សនយោបាយធំៗទាំង២ របស់សហរដ្ឋអាមេរិក ដែលមានដូចជា លោក Biden និងភរិយារបស់លោក លោកស្រី Jill Biden អនុប្រធានាធិបតី លោកស្រី Kamala Harris អតីតប្រធានាធិបតីលោក Bill Clinton និងអតីតស្ត្រីទី១ លោកស្រី Melania Trump លោកស្រី Michelle Obama លោកស្រី Hillary Clinton និងលោកស្រី Laura Bush។
ដោយបានធ្វើឲ្យអ្នកចូលរួមផ្ទុះសំណើច លោកស្រី Judy Woodruff ដែលជាអ្នកសារព័ត៌មាន និងជាមិត្តភ័ក្តិដ៏យូរអង្វែងមកហើយនោះ បាននិយាយថា៖ «លោកស្រី Rosalynn Carter ពិតជារីករាយណាស់ ដែលឃើញថា លោកស្រីបាននាំអ្នកទាំងអស់គ្នាមកជួបជុំ នៅថ្ងៃនេះ»។
លោក Jimmy Carter បានហៅភរិយារបស់លោកថា៖ «ជាដៃគូជីវិតដ៏ស្មោះស្មើរបស់ខ្ញុំ នៅក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្លាប់សម្រេចបាន។ ក្នុងនាមជាស្ត្រីទី១ ជារឿយៗ លោកស្រីត្រូវបានគេអញ្ជើញឲ្យអង្គុយជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងការពិភាក្សាអំពីយុទ្ធសាស្ត្រនយោបាយ ហើយបានដើរតួនាទីក្នុងការងារការទូតរបស់លោក នៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត»៕

