ប៉ាណាម៉ា ៖ ប្រធានាធិបតីប៉ាណាម៉ា កាលពីថ្ងៃអង្គារ (ទី២៨ ខែវិច្ឆិកា) បាននិយាយថា អណ្តូងរ៉ែទង់ដែង Cobre Panama ដែលរកបានប្រាក់កម្រៃយ៉ាងកាក់កបរបស់ក្រុមហ៊ុន First Quantum នៃប្រទេសកាណាដា នឹងត្រូវបិទដំណើរការ ដោយការលើកឡើងនេះ កើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលរបស់ប្រទេស បានប្រកាសថា កិច្ចសន្យារបស់ក្រុមហ៊ុនមិនស្របតាមរដ្ឋធម្មនុញ្ញ។
លោកប្រធានាធិបតី Laurentino Cortizo (ឡូរ៉ែនទីណូ ក័រទីហ្សូ) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីល្ងាចថ្ងៃអង្គារថា «ការបិទអណ្តូងរ៉ែប្រកបដោយសណ្តាប់ធ្នាប់និងសុវត្ថិភាព» នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលសេចក្តីសម្រេចរបស់តុលាការកំពូល ត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មាន Official Gazette។
អណ្ដូងរ៉ែ Cobre Panama បានបង្កឲ្យមានការខឹងសម្បាជាសាធារណៈ នៅក្នុងប្រទេសនេះ រហូតដល់ផ្ទុះឡើងនូវការតវ៉ាតាមដងផ្លូវ។ ការតវ៉ាបានចាប់ផ្តើមក្នុងទ្រង់ទ្រាយតូច ដោយមានការតវ៉ាខាងបរិស្ថានប្រឆាំងនឹងអណ្តូងរ៉ែនេះ ប៉ុន្តែបានប្រែក្លាយទៅជាបាតុកម្មកាន់តែធំឡើងៗប្រឆាំងនឹងរដ្ឋាភិបាល ចំពេលមានការចោទប្រកាន់ថា កិច្ចសន្យាមានលក្ខណៈយោគយល់ជ្រុលពេក។ គេឃើញថា ក្រុមបាតុករធ្វើការអបអរដោយការគ្រវីទង់ជាតិនៅតាមដងផ្លូវ បន្ទាប់ពីមានសាលក្រមនោះ។
សូមបញ្ជាក់ថា កិច្ចសន្យា ដែលមានជម្លោះនោះ ទទួលបានការយល់ព្រមកាលពីខែមុនពីរដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា ដោយផ្តល់សិទ្ធិឲ្យក្រុមហ៊ុន First Quantum រុករករ៉ែរយៈពេល ២០ឆ្នាំ ជាមួយនឹងជម្រើសបន្តរយៈពេល ២០ឆ្នាំទៀត ជាថ្នូរនឹងការផ្ដល់ប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣៧៥លានដុល្លារដល់ប៉ាណាម៉ា៕

