
ពលរដ្ឋទីក្រុង Lahore បានត្អូញត្អែរពីបញ្ហាសុខភាព នៅថ្ងៃពុធនេះ ខណៈផ្សែងអ័ព្ទពុល បានបន្តហ៊ុមព័ទ្ធទីក្រុងធំបំផុតទី២ របស់ប្រទេសប៉ាគីស្ថាន ទោះបីជាមានកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយ កង្វក់ខ្យល់ក៏ដោយ។
យោងតាមអង្គការប្រទេសស្វីស IQAir បានឲ្យដឹងថា សម្រាប់ថ្ងៃទី៤ជាប់ៗគ្នា ទីក្រុង Lahore ទទួលចំណុចខ្ពស់នៅក្នុងបញ្ជីពេលវេលាពិតប្រាកដជាទីក្រុងមានកង្វក់ខ្យល់ខ្លាំងបំផុតនៅលើពិភពលោក ដោយមានសន្ទស្សន៍គុណភាពខ្យល់៣១៥ នៅអំឡុងម៉ោង១១:៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ដែលត្រូវបានគេចាត់ជាប្រភេទគុណភាពខ្យល់មានគ្រោះថ្នាក់។
ពលរដ្ឋជាច្រើន បានត្អូញត្អែរ ពីការពិបាកដកដង្ហើម និងក្រហាយភ្នែក ខណៈអំពាវនាវសុំឲ្យមានវិធានការបន្ថែមទៀតដើម្បីការពារពួកគេពីផ្សែងអ័ព្ទពុល។
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា តុលាការជាន់ខ្ពស់ ទីក្រុងLahore កាលពីថ្ងៃអង្គារបានបង្គាប់ឲ្យក្រុមមន្ត្រី បិទរាល់អាជីវកម្ម នៅត្រឹមម៉ោង១០យប់ ម៉ោងក្នុងតំបន់ ជារៀងរាល់ថ្ងៃ ក្នុងបំណងដើម្បីទប់ស្កាត់ការកើនឡើងកម្រិតកង្វក់ខ្យល់នៅក្នុងទីក្រុង។
ផ្លូវធំមួយកន្លែងនៅក្នុងទីក្រុង ត្រូវបានបិទកាលពីថ្ងៃអាទិត្យចំពោះយានយន្តទាំងអស់ ដោយមានតែអ្នកជិះកង់ និងអ្នកថ្មើរជើងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងបំណងការបន្ថយផ្សែងអ័ព្ធដែលហុយនៅពាសពេញទីក្រុង។