អ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងចរចាតាមរយៈក្រុមអ្នកសម្របសម្រួលកាលពីថ្ងៃពុធទី២៩ វិច្ឆិកា ជុំវិញការបន្ថែមពេលវេលាបទឈប់បាញ់ដ៏សំខាន់ថ្មីមួយទៀតនៅតំបន់ហ្កាហ្សា។
ការចរចាបានកើតឡើង នៅប៉ុន្មានម៉ោងទៀតដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលការប្រយុទ្ធគ្នានឹងត្រូវចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាករយៈពេល៦ថ្ងៃ។

រហូតមកដល់ពេលនេះ ពួកសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាបានដោះលែងស្ត្រី និងកុមារជនជាតិអ៊ីស្រាអែលចំនួន ៦០ នាក់ ពីក្នុងចំណោមចំណាប់ថ្មូរចំនួន ២៤០នាក់ ដែលពួកគេបានចាប់ខ្លួននៅក្នុងការវាយលុកដ៏សាហាវកាលពីថ្ងៃទី ៧ ខែតុលា ក្រោមកិច្ចព្រមព្រៀងដែលធានាបាននូវបទឈប់បាញ់ដំបូងនៃសង្គ្រាម។
ជនបរទេសមិនតិចជាង ២១ នាក់ ដែលភាគច្រើនជាកសិករថៃ ក៏ត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងស្របគ្នាដាច់ដោយឡែកពីគ្នាផងដែរ។

ជាថ្នូរនៃការដោះលែងពីភាគីទាំង២ អ៊ីស្រាអែលបានដោះលែង ជនជាតិប៉ាឡេស្ទីនចំនួន ១៨០ នាក់ ដែលសុទ្ធតែជាស្ត្រី និងក្មេងជំទង់។
ក្រុមគ្រួសាររបស់ចំណាប់ថ្នូរអ៊ីស្រាអែលត្រូវបានជូនដំណឹងកាលពីថ្ងៃពុធសម្រាប់ឈ្មោះនៃអ្នកដែលនឹងត្រូវដោះលែងនៅថ្ងៃបន្ទាប់ ដែលទូរទស្សន៍រដ្ឋ Kan របស់អ៊ីស្រាអែល បានរាយការណ៍ថាក្រុមចុងក្រោយនឹងត្រូវបានដោះលែងនៅក្រោមបទឈប់បាញ់ លុះត្រាតែក្រុមអ្នកចរចាទទួលបានជោគជ័យក្នុងការបន្ថែមពេលវេលាបទឈប់បាញ់បន្ត។
មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សាបានចេញផ្សាយបញ្ជីឈ្មោះស្ត្រី ចំនួន១៥ នាក់ និងក្មេងជំទង់ ១៥នាក់ដែលត្រូវដោះលែងពីពន្ធនាគារអ៊ីស្រាអែលជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល៕
