កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំដែងនូវការត្រេកអរជាពន់ពេក ក្រោយពីរាជរដ្ឋាភិបាល បានប្រគល់ជូននូវផ្លូវបេតុង ២ខ្សែ មានប្រវែង១៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់៣ភូមិ គឺភូមិកែវឡាត ភូមិស្វាយគយ និងភូមិជើងខ្នារ ឃុំពន្លៃ ។ ការអភិវឌ្ឍន៍បែបនេះ ធ្វើអោយជីវភាពប្រជាពលរដ្ឋ បានធូរធារឡើងមួយកម្រឹតទៀត ដោយសារពួកគាត់មានផ្លូវល្អសម្រាប់ប្រើប្រាស់ក្នុងដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន មិនលំបាកដូចពេលមុន។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា ក្រោយពីទទួលបានផ្លូវបេតុងទាំង២ខ្សែនេះ ពីរាជរដ្ឋាភិបាលមក ពួកគាត់ជាប្រជាពលរដ្ឋក្នុងភូមិកែវឡាត ភូមិស្វាយគយ និងភូមិជើងខ្នារ ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំពន្លៃ និងស្រុកបរិបូណ៌ទាំងមូល មានចិត្តសប្បាយរីករាយជាពន់ពេក ព្រោះពីមុនមិនដែលមានផ្លូវស្អាតល្អសំរាប់ធ្វើដំណើរឡើយ។ ការប្រគល់ជូនផ្លូវបេតុងទាំង២ខ្សែនេះ បានធ្វើអោយប្រជាពលរដ្ឋក្នុងភូមិឃុំស្រុក អាចធ្វើដំណើរបានងាយស្រួល មិនចំណាយប្រាក់ច្រើន។ ពួកគាត់បានអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងសុខទុក្ខប្រជាជននៅតាមមូលដ្ឋាន។
ក្នុងឱកាសចុះពិនិត្យផ្លូវបេតុងទាំង ២ខ្សែនេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ផ្លូវបេតុងទាំង២ខ្សែនេះ កសាងឡើងយដោយថវិកាជំនួយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងកសាងដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ។ ក្នុងនោះផ្លូវបេតុងខ្សែទី១ចាប់ពីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកែវឡាត ទៅទល់នឹងភូមិស្វាយគយ មានប្រវែង៦៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងខ្សែទី២ ពីភូមិស្វាយគយទៅទល់នឹងភូមិជើងខ្នារ មានប្រវែង៧៤០ម៉ែត្រ ទទឹង៦ម៉ែត្រផងដែរ។ ផ្លូវនេះ ត្រូវបានត្រួតពិនិត្យពីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអោយការសាងសង់ផ្លូវបេតុង ស្របទៅតាមបច្ចេកទេស និងមានគុណភាព សំរាប់ប្រជាពលរដ្ឋប្រើប្រាស់។ ផ្លូវបេតុងទាំង២ខ្សែនេះ ជាប្រយោជន៍យ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការដឹកជញ្ជូន ការធ្វើដំណើរទៅមកសាលារៀន និងការយកអ្នកជំងឺទៅមន្ទីរពេទ្យបានរហ័សផងដែរ៕ អត្ថបទ៖ កាំង ហុងវាស្នា






