មនុស្ស ១៦ នាក់ ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់កាលពីថ្ងៃពុធ បានជួបហ្វូងមនុស្សកំពុងអបអរសាទរនិងស្រែកហ៊ោ នៅតាមដងផ្លូវខណៈក្បួនរថយន្តរបស់ពួកគេបានបើកឆ្លងកាត់ប្រទេសអ៊ីស្រាអែល។

នៅក្នុងហេតុការណ៍ម្តងហើយម្តងទៀតក្នុងរយៈពេល៦ថ្ងៃចុងក្រោយនេះ អំឡុងពេលផ្អាកប្រយុទ្ធសម្រាប់ផ្នែកមនុស្សធម៌នៅក្នុងអរិភាព ជនស៊ីវិលជាច្រើននាក់ត្រូវបានដោះលែងនិងប្រគល់ទៅឲ្យគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) ហើយត្រូវបានដឹកជញ្ជូនតាមរថយន្តទៅកាន់ប្រទេសអ៊ីស្រាអែល។

ចំណាប់ថ្នូរដែលត្រូវបានដោះលែង ស្ថិតក្នុងចំណោមមនុស្សប្រហែល ២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានចាប់ខ្លួនក្នុងអំឡុងការវាយលុកសម្រុកចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ បានស្លាប់។
យោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ក្នុងការសងសឹកវិញបានសម្លាប់មនុស្សជាង ១៥.000នាក់ នៅតំបន់ហ្កាហ្សា ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរនៅក្រោមបទឈប់បាញ់ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០ នាក់ មានអនីតិជន ១៦ នាក់និងស្ត្រី ១៤ នាក់នៅយប់ថ្ងៃពុធ។
រិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីពេលមុន បានកំណត់អត្តសញ្ញាណស្ត្រីជនជាតិរុស្ស៊ី-អ៊ីស្រាអែលពីរនាក់ដែលត្រូវបានដោះលែងកាលពីយប់ថ្ងៃពុធ មានឈ្មោះ Yelena Trupanov អាយុ ៥០ ឆ្នាំនិងឈ្មោះ Irena Tati អាយុ ៧៣ ឆ្នាំ។
វីដេអូមកពីស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានបង្ហាញស្ត្រីទាំងពីរនាក់នេះ ត្រូវបានប្រគល់ទៅឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងបានដឹកជញ្ចូនចេញពីតំបន់ហ្កាហ្សា។