កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យអគ្គិសនីកម្ពុជា ត្រូវពន្លឿនការតភ្ជាប់ បណ្ដាញអគ្គិសនីតង់ស្យុង ៣៥ គីឡូវ៉ុលឱ្យទៅដល់ប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលស្ថិតនៅនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ប្រវែង ៣៣ គីឡូម៉ែត្រឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសានស៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុន ភូមិសាស្ត្រស្រុកថ្មបាំង គឺជាកន្លែងលាក់ទ័ពក្នុងសម័យសង្គ្រាម និងជាកន្លែងវេទនាបំផុត។ ប៉ុន្ដែបច្ចុប្បន្នដោយកត្តាសុខសន្តិភាពរបស់ប្រទេសកម្ពុជា បានប្រែក្លាយស្រុកថ្មបាំងជាកន្លែងអភិវឌ្ឍន៍ មិនមែនជាកន្លែងលាក់ទ័ព ដើម្បីប្រយុទ្ធគ្នាទៀតនោះទេ។
ដូច្នេះក្នុងឱកាសថ្ងៃនេះ សម្ដេចធិបតី បានជំរុញឱ្យអគ្គិសនីកម្ពុជាធ្វើការ តបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប់ ឃុំប្រឡាយជាង ៦៦៣ គ្រួសារ និងអាចកើនលើសពីនេះ នាពេលខាងមុខឱ្យបានគ្រប់ខ្នងផ្ទះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តទទួលខុសត្រូវចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
សម្តេចធិបតីបានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលត្រៀមថវិកាចំនួន ១០០ លានដុល្លារ សម្រាប់ទទួលខាតបង់ថ្លៃអគ្គិសនី និងជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វ៉ន ដារ៉ា
