ពិភពលោក៖ បណ្ដាមេដឹកនាំពិភពលោក បានស្វាគមន៍រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល ប៉ុន្តែពលរដ្ឋប៉ាឡេស្ទីននៅតែមិនទាន់អស់ចិត្ត នូវអ្វីដែលពួកគេយល់ថា ជាការបន្តនៃរដ្ឋបាលចាស់។ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកនៅតែធ្វើចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយនឹងធ្វើការជាមួយរដ្ឋាភិបាលថ្មី។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានាធិបតីអាមេរិករូបនេះបានស្វាគមន៍ រដ្ឋាភិបាលចម្រុះថ្មី ដឹកនាំដោយអ្នកជាតិនិយមប្រកាន់ស្ដាំ លោក Naftali Bennett និងបានព្យាយាមបញ្ជាក់ជាថ្មីពីទំនាក់ទំនងអាមេរិក-អ៊ីស្រាអែល។ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា លោកស្រីកំពុងទន្ទឹងរង់ចាំរកការធ្វើការកាន់តែជិតស្និទ្ធថែមទៀត ជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល។

ចំណែកការិយាល័យមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា ការផ្លាស់ប្ដូរក្នុងរដ្ឋាភិបាលនៅតែជាបញ្ហារបស់អ៊ីស្រាអែល ហើយការទាមទាររបស់ប៉ាឡេស្ទីននៅតែដដែល។ រីឯអ្នកនាំពាក្យក្រុមហាម៉ាស់វិញគឺលោក Fawzi Barhoum បានទទូចថា មិនថា ពណ៌សម្បុរនៃរដ្ឋាភិបាលនោះយ៉ាងណាទេ អ៊ីស្រាអែលនៅតែស្ថិតតែក្រោមអាណានិគមដដែល។ ក្រៅពីនេះក៏នៅមានមេដឹកនាំជាច្រើនទៀតផងដែរ ដែលបានបញ្ចេញប្រតិកម្មដោយអបអរសារទរ និងប្ដេជ្ញាធ្វើការជាមួយគ្នា៕
អត្ថបទ៖ សុខមាន