រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន គឺជាបញ្ហាធម្មតាដែលប្រទេសជាច្រើនប្រឈមមុខ ហើយអាជ្ញាធរចិនបានធ្វើឲ្យជំងឺនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព។

អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន បានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិត អំពីការកើនឡើងជំងឺផ្លូវដង្ហើម និងរាយការណ៍ពីចង្កោមនៃជំងឺរលាកសួតចំពោះកុមារ។ ប៉ុន្តែមន្ត្រី អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ការកើនឡើងជំងឺនៅក្នុងប្រទេសចិន មិនហក់ឡើងខ្ពស់ដូចការរាតត្បាតជំងឺកូវីដ-១៩ ពីពេលមុននោះទេ និងបាននិយាយជាថ្មីថា ពុំបានរកឃើញវីរុសថ្មី ឬវីរុសខុសពីធម្មតាណាមួយ ត្រូវបានរកឃើញនៅក្នុងករណីថ្មីៗនេះឡើយ។

លោក Wang បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកកំពុងធ្វើជាប្រធានសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា ថ្មីៗនេះ យើងបានឃើញចង្កោមករណីគ្រុនផ្តាសាយ ក្នុងចំណោមកុមារនៅក្នុងផ្នែកមួយចំនួនរបស់ប្រទេសចិន។ តាមពិត នោះគឺជាបាតុភូតធម្មតានៅក្នុងប្រទេសជាច្រើន ហើយនៅក្នុងប្រទេសចិន បញ្ហាជំងឺនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព។
លោកនិយាយថា អន្តរកម្មរបស់ប្រទេសចិនជាមួយសហគមន៍អន្តរជាតិ នឹងមិនត្រូវបានរងផលប៉ះពាល់ដោយកត្តាណាមួយឡើយ ហើយយើងស្វាគមន៍ការមកទស្សនាកាន់តែច្រើនពីមិត្តភក្តិមកពីជុំវិញពិភពលោក។ ទាំងប្រទេសចិន និងអង្គការសុខភាពពិភពលោក បានប្រឈមមុខនឹងសំណួរអំពីតម្លាភាពនៃការរាយការណ៍ករណីជំងឺ COVID-19 ដំបូងបំផុតដែលបានលេចឡើងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ ។